(ភ្នំពេញ)៖ លោក កាណូ តាគេហ៉ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្ត្រីជប៉ុន បានទទួលស្គាល់ និងគោរពដល់កម្ពុជាលើការបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពយ៉ាងសកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសរងគ្រោះដោយសារភ្លើងសង្គ្រាមចាប់តាំងពីឆ្នាំ២០០៦។

ការលើកឡើងបែបនេះ របស់អគ្គនាយកទីបញ្ជាការសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃប្រទេសជប៉ុន បានធ្វើឡើងនៅក្នុងឱកាសលោកបានចូលជួបសម្តែងការគួរសមចំពោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នារសៀលថ្ងៃទី៧ ខែមីថុនា ឆ្នាំ២០២៣ នៅជម្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរមកដល់កម្ពុជារបស់ លោក KANO Takehiro។

លោក KANO Takehiro បានបន្ថែមទៀតថា បច្ចុប្បន្ន ជប៉ុននឹងជួយក៏ដូចជាគាំទ្រដល់កម្ពុជាក្នុងវិស័យដោះមីន និងការកសាងសមត្ថភាពផងដែរ ក្នុងន័យនេះ លោកមានបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាមួយកម្ពុជា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការល្អ និងបន្តទំនាក់ទំនងយ៉ាងល្អជាយូរមកហើយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ ដែលជប៉ុន បានបញ្ជូនកងទ័ពចូលរួមបេសកកម្ម អសប ជាលើកដំបូងនៅកម្ពុជា ហើយចាប់ពីពេលនោះមកកម្ពុជា បានវិវត្តន៍ខ្លួនក្លាយជាប្រទេសមួយ ដែលពោរពេញដោយសុខសន្តិភាព ជាពិសេសក៏បានក្លាយជាប្រទេសបញ្ជូនកងកម្លាំងស្វែងរកសុខសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លើសពីនេះ កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១២ លើ១២៣ប្រទេស ដែលបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្ម អសប និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន។

ទន្ទឹមនោះ ដ្បិតកម្ពុជា កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះគម្រោងត្រីភាគីនាឆ្នាំ២០២៤, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី រំពឹងថា ជប៉ុន នឹងចូលរួមកិច្ចប្រតិបត្តិការត្រីភាគីរវាងកម្ពុជា-ជប៉ុន-អសប រួមទាំងផ្តល់សម្ភារៈ និងបើកវគ្គហ្វឹកហ្វឺនទាំងក្នុងស្រុក និងក្រៅស្រុកដល់កម្ពុជា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើឱ្យមិត្តជប៉ុន បើកការហ្វឹកហាត់ ដោះ បំផ្លាញ និងកម្ទេចគ្រឿងផ្ទុះ​ និងបន្តផ្តល់ការហ្វឹកហ្វឺនជំនាញវិស្វកម្មរយ:ពេលខ្លី​ មធ្យម​ វែង​ ដូចអនុវត្តកន្លងមក។

លោក KANO Takehiro ចាប់អារម្មណ៍ជាខ្លាំងចំពោះគម្រោងត្រីភាគី ហើយលោកក៏ចង់បន្តកិច្ចសហប្រតិបត្តិការផងដែរ​ ពិសេសគម្រោងបង្កេីតសម្ថភាព។ ជាមួយគ្នានោះ បច្ចុប្បន្ន ជប៉ុន កំពុងមានកិច្ចសហប្រតិបត្តិការកម្ចាត់មីនជាមួយកម្ពុជា ហើយក៏ចង់បន្តឆ្នាំក្រោយផងដែរ៕