(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល នៅល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយរបបខ្មែរក្រហម ការហូបចុករបស់ប្រជាពលរដ្ឋខ្មែរធ្វើយ៉ាងឱ្យតែបានឆ្អែត តែសម្រាប់បច្ចុប្បន្ននេះការហូបចុករបស់ប្រជាពលរដ្ឋមិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់ និងសុវត្ថិភាពផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងរយៈពេលកន្លងទៅខ្ញុំបាននិយាយហើយថា ការចាប់ផ្តើមរបស់យើងក្រោយពីរបប ប៉ុល ពត ធ្វើមិចក៏ដោយឱ្យតែបានឆ្អែត ទទួលទានអីក៏ទទួលទានដែរពេលនោះ ក្រោយមកគឺមិនត្រឹមតែយើងបានឆ្អែតទេ យើងប្រឹងឱ្យបានឆ្អែតហើយឱ្យឆ្ងាញ់ទៀត ប៉ុន្តែឥលូវនេះបញ្ហាបានមកដល់ ឆ្អែត ឆ្ងាញ់ ហើយធានាសុខភាព នោះគឺជាបញ្ហាដែលយើងត្រូវតែគិតរួមគ្នា»។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ដោយហេតុថាអាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំង ដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះបង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវមានទំនួលខុសត្រូវលើបញ្ហានេះឱ្យបានហ្មត់ចត់ បើមិនដូចនេះទេវាឆ្ងាញ់ថ្ងៃនេះតែ៣ឆ្នាំ ក្រោយវានឹងអាចស្លាប់ដោយសារវាវិញ ហើយបញ្ហានេះគឺត្រូវរកវិធីដោះស្រាយយ៉ាងណាដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។ វាមានទំនាក់ទំនងជាមួួយនឹងការផលិត ហើយប្រសិនបើការផលិតសមស្រប វានឹងផ្តល់នូវការបង្កើតជាចំណីអាហារឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងសុខភាពល្អ ចំណុចនេះជាចំណុចដែលយើងត្រូវគិត ដែលមិនមែនពីមុនគឺគិតត្រឹមតែមួយឆ្អែត ឥលូវនេះត្រូវ ឆ្អែត ឆ្ងាញ់ និងធានាសុវត្ថិភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ក៏បានណែនាំឱ្យមានការដាក់ចេញនូវការដោះស្រាយ ដែលមិនត្រឹមតែពេលទទួលទាន ពេលសម្រាកព្យាបាលជំងឺនោះទេ គឺវាបានទាក់ទងតាំងពីការផលិត ហើយមានការកែឆ្នៃខ្លះ គឺត្រូវទាមទារឱ្យមានការពិនិត្យឱ្យបានហ្មត់ចត់ មុននឹងឱ្យចេញចររាចរលើទីផ្សារ។ សម្តេចក៏បានណែនាំឱ្យមានការពិនិត្យឱ្យបានហ្មត់ចត់ លើទំនិញដែលនាំចូល ដើម្បីជាការធានា សុវត្ថិភាពសម្រាប់អ្នកទទួលទាន ដោយធ្វើយ៉ាងណាសូមកុំឱ្យប្រជាជនកម្ពុជា ក្លាយជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ និងសូមឱ្យច្បាស់ថាមានប្រសិទ្ធភាពហើយចាំបញ្ជារ ទិញយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា នៅក្នុងឆ្នាំ២០០៤ ខណៈពេលដែលសម្តេចអញ្ជើញសម្ពោធអគារនៅសាសាពេទ្យ( សាលាក្រហម) ពេលនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចង់យកថ្នាំដែលផលិតបាននៅក្រៅប្រទេស ហើយគេចង់យកមកសាកល្បងជាមួយប្រជាពលរដ្ឋខ្មែរ ខណៈដែលប្រជាជនគេមិនទាន់បានសាកល្បងនោះទេ គ្រានោះសម្តេចក៏បានបដិសេធ មិនទទួលយកជាដាច់ខាត និងបានអះអាងថា សូមកុំយកប្រជាជនខ្មែរសម្រាប់ការធ្វើតេស្តឱសថដែលគេផលិតឱ្យសោះ គឺទុកឱ្យគេធ្វើតេស្តប្រជាជនគេវិញចុះ ចាំមានប្រសិទ្ធភាពចាំយកមកប្រើប្រាស់៕