(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាបានសម្រេចផ្ទេរវ៉ាក់សាំងកូវីដ១៩ ចំនួន១៥លានដូស ដែលមិនទាន់ដឹកមកដល់ប្រទេសកម្ពុជា ទៅឱ្យប្រទេសចិនវិញ ដើម្បីឱ្យចិនបែងចែកជួយទៅដល់ប្រទេសផ្សេងៗ ដែលត្រូវការជាចាំបាច់។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ព្រឹកមិញ ខ្ញុំបានអនុម័តលើសំណើរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពីបញ្ហាការផ្ទេរជូនទៅមិត្តចិន នូវវ៉ាក់សាំងចំនួន១៥លានដូស ដែលមិនទាន់បានដឹកនាំមកដល់កម្ពុជា ដោយសារសព្វថ្ងៃនៅមានសល់ក្នុងស្តុកចំនួន៦លានដូស ហើយមនុស្សចាក់របស់យើង ក៏កាន់តែថយទៅ បើយើងនៅបន្តផ្ទុក១៥លានដូសទៀត យើងនឹងពិបាក»

សម្តេចបានថ្លែងអំណរគុណ ដល់ប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់ជំនួយឱសថ បរិក្ខាពេទ្យ និងហិរញ្ញវត្ថុផ្សេងៗ ដល់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមក។ សម្តេចសង្ឃឹមថា វ៉ាក់សាំងដែលត្រូវបានផ្ទេរទៅប្រទេសចិនវិញនោះ នឹងត្រូវមិត្តចិនចែកទៅកាន់ប្រទេសនានា ដែលកំពុងខ្វះខាតវ៉ាក់សាំង៕

</p