(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបញ្ចូលជំនាញទន់ទៅក្នុងកម្មវិធីសិក្សា ជាពិសេសក្រមសីលធម៌ អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់ ព្រមទាំងលើកទឹកចិត្តឱ្យក្រសួងកៀរគរបញ្ញវ័ន្តមានសញ្ញាបត្រជាក់ស្តែងផ្នែកសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅនៅល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ពង្រឹងការបណ្តុះបណ្តាលលើផ្នែកសុខាភិបាល ទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបញ្ចូលជំនាញទន់ទៅក្នុងកម្មវិធីសិក្សា ជាពិសេសក្រមសីកធម៌ អាជីពនៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងសុខាភិបាល បន្តកៀរគរបញ្ញវ័ន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្តម និងមានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឱ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខាភិបាល។