(បាកដាដ)៖ រដ្ឋាភិបាលនៃប្រទេសអ៉ីរ៉ាក់ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយកន្លែងក្នុងទីក្រុងបាដាដ បានកើនឡើងពី១២៦នាក់ មកដល់ ១៦៥នាក់ ខណៈដែលអ្នករបួសមានចំនួន ២២៥នាក់។ នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន BBC នៅរសៀលថ្ងៃទី០៤ ខែកក្កដា។
ជាមួយគ្នានោះផងដែរ រដ្ឋាភិបាលក៏បានចេញសេចក្ដីប្រាកស កាន់ទុក្ខចំនួន ៣ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងហេតុការដ៏អាក្រក់នេះ និងជាប្រវត្តិសាស្ត្រ ខណៈដែលក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយខ្នងការបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើទីផ្សារដ៏មមាញឹកមួយ ក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់នេះ។
គួរបញ្ជាក់ផងដែរថា ការបំផ្ទុះអត្តឃាត ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ នៅសង្កាត់ Karrada ដែលក្នុងចំណោមមនុស្សស្លាប់ទាំង ១៦៥នាក់នោះ ក៏មានកុមារ ២៥នាក់ និងស្ត្រី ២០នាក់ ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញ ទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ៕