(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និង ការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ពេលអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬ អតិថិជន និង ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ ក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និង ការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់»។
សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញហើយ បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗ ក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលដែលមានលោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ ដោយសារតែបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល បណ្ដាលឱ្យមនុស្សស្លាប់។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេសការធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល សុខភាព ប្រកបដោយទឹកចិត្តបរិសុទ្ធ និង គោរពស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល៕