(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យក្រសួងសុខាភិបាល បន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្តម និង មានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល។

ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល។ ពិធីនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ត ឲ្យក្រសួងសុខាភិបាល បន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្តម និងមានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល»

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រសួងសុខាភិបាល ត្រូវបង្កើតយន្តការលើកទឹកចិត្ត ដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឲ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ឲ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រព័ន្ធគាំទ្រសង្គម គឺជាឧបករណ៍គោលនយោបាយសម្រាប់ ការកាត់បន្ថយភាពក្រីក្រ ឬភាពងាយរងគ្រោះ និងវិសមាភាពសង្គម ព្រមទាំងការពារមូលធនមនុស្ស និងជួយជំរុញការលូតលាស់ នៃសេដ្ឋកិច្ច។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់ កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។

ជាពិសេសត្រូវធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និង វាយតម្លៃនិន្នាការ នៃការប្រើប្រាស់សេវាថែទាំសុខភាព និងប្រតិបត្តិការ នៃកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូនីយកម្ម លើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មុខងារអាជីពជាចម្បង របស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឲ្យមានការព្យាបាល សុខភាព ប្រកបដោយទឹកចិត្តបរិសុទ្ធ និង គោរពស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល៕