(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និង ផ្តល់នូវទស្សនៈចំនួន ៦ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យសុខាភិបាល និង គុណភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា។

ការលើកទឹកចិត្ត និងផ្តល់នូវទស្សនៈនេះ បានធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះរួមមានដូចតទៅ៖

ទី១៖ ជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន, ជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែលអាចកើតឡើងជាយថាហេតុ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈ ដូចជា ភាពស៊ាំនៃមេរោគនឹងឱសថផ្សះ, ជំងឺឆ្លងពីសត្វមកមនុស្ស, ហានិភ័យសុខភាពសាធារណៈទាក់ទងនឹងការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ ដូចជា ទឹកជំនន់ និងភាពរាំងស្ងួតជាដើម នៅតែជាការគម្រាមដល់សុខភាពសាធារណៈ។ ក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល និង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន, ការស្រាវជ្រាវស្វែងរកករណី និងការវាយតម្លៃស្ថានការណ៍ ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងការបង្ការទប់ស្កាត់, កាត់បន្ថយហានិភ័យ និងការស្តារឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លង ឬ គ្រោះអាសន្នសុខភាពសាធារណៈ។

ទី២៖ ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន និងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ, ក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់។

ទី៣៖ ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ពង្រឹងការបណ្តុះបណ្តាលលើផ្នែកសុខាភិបាល ទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ។ ការបញ្ចូល ជំនាញទន់នៅក្នុងកម្មវិធីសិក្សា ជាពិសេស ក្រមសីលធម៌អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រ កម្រិតឧត្តម និង មានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និង គ្រឹះស្ថានបណ្តុះបណ្តាល។ ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឱ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្ត ជាក់ស្តែង ឱ្យកាន់តែប្រសើរសំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខាភិបាល។

ទី៤៖ ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍គោលនយោបាយ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ឬ ភាពងាយរងគ្រោះ និង វិសមភាពសង្គម ព្រមទាំងការការពារមូលធនមនុស្ស និង ជួយជំរុញការលូតលាស់នៃសេដ្ឋកិច្ច។ ដូច្នេះ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេស ត្រូវធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និងវាយតម្លៃនិន្នាការនៃការប្រើប្រាស់សេវាថែទាំសុខភាព និង ប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។

ទី៥៖ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូម បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល សុខភាព ប្រកបដោយទឹកចិត្តបរិសុទ្ធ និងគោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល។

ទី៦៖ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និង ជំរុញ ការផ្សព្វផ្សាយ និងការអប់រំ លើម្ហូបអាហារ និង គ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល៕