(ភ្នំពេញ)៖ លោក លឹម ហូលីវីន អគ្គនាយកក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក (RoseMarvel Property Development Co., Ltd) និងជាអគ្គនាយករងក្រុមហ៊ុន កូហ្សេតែល អិលធីឌី (ONLINE ISP) ហើយត្រូវជាកូនប្រុសរបស់លោកឧកញ៉ា លឹម រស់ និងលោកស្រី ឧកញ៉ា សុទ្ធី ម៉ូនីកា មានសទ្ធាជ្រះថ្លា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ៥៥.០២៩.៤០០រៀល ដើម្បីទិញសៀវភៅអានជាភាសាខ្មែរចំនួន ២.៧០០ក្បាល ពីគ្រឹះស្ថានបោះពុម្ពផ្សាយម៉ាញប៊ុក្ស ដើម្បីចែកជូនសិស្សានុសិស្ស។

សៀវភៅចំនួន ១.១០០ក្បាល ត្រូវបានផ្តល់ជូនចំពោះសិស្សានុសិស្ស ៣៦៧នាក់ រៀននៅ ៣វិទ្យាល័យ រួមមាន៖

*ទី១៖ វិទ្យាល័យជាស៊ីមសាមគ្គី
*ទី២៖ វិទ្យាល័យទួលទំពូង
*ទី៣៖ វិទ្យាល័យឥន្រ្ទទេវី។

ដោយឡែក សៀវភៅចំនួន ១៦០០ក្បាលទៀត ត្រូវបានផ្តល់ជូនចំពោះបណ្ណាល័យចំនួន១១ គឺបណ្ណាល័យអង្គការដើម្បីភាពញញឹមនៃកុមារ, បណ្ណាល័យអង្គការផ្កាយសមុទ្រ, បណ្ណាល័យអង្គការគ្រួសារថ្មី, បណ្ណាល័យអង្គការភូមិកុមារ SOS, បណ្ណាល័យមណ្ឌលកុមារភ្នំពេញថ្មី, បណ្ណាល័យវិទ្យាល័យជាស៊ីមសាមគ្គី, បណ្ណាល័យវិទ្យាល័យទួលទំពូង, បណ្ណាល័យវិទ្យាល័យឥន្រ្ទទេវី និងបណ្ណាល័យវត្តចំនួន៣ គឺវត្តនាគវ័ន វត្តមហាមន្រ្តី និងវត្តសំពៅមាស។

សទ្ធាដ៏ជ្រះថ្លាមួយនេះ គឺដើម្បីឲ្យប្អូនៗកុមារ សិស្សានុសិស្ស និងព្រះសង្ឃគង់នៅវត្ត អាចធ្វើការអាន ដើម្បីក្រេបជញ្ជក់យកចំណេះដឹងសម្រាប់អភិវឌ្ឍន៍សមត្ថភាព ក្នុងការជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិយើង។

ពិធីចែកអំណោយនេះ បានប្រារព្វធ្វើឡើងរយៈពេលលើក ដោយលើកទី១ ប្រារព្ឋធ្វើនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៤៥នាទី ដល់ម៉ោង១១.១៥នាទី និងលើកទី២ ធ្វើនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៤៥នាទី ដល់ម៉ោង១០ និង៣០នាទី នាជាន់ផ្ទាល់ដីផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ៕