(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល។ ពិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណកន្លះម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរីករាយដែលបានអញ្ជើញបិទសន្និបាតការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារឆ្នាំបន្ទាប់របស់ក្រសួងសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និបាតនេះមានសារៈសំខាន់ ដើម្បីពិនិត្យការងារដែលបានសម្រេចរយៈពេល៥ឆ្នាំ និងដាក់ចេញការងារឆ្នាំបន្តបន្ទាប់ ក៏ដូចជាកែលំអរលើប្រព័ន្ធការងារសុខាភិបាលឱ្យកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ, គ្រូពេទ្យ, បុគ្គលិកសុខាភិបាល, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់, សប្បុរសជន, ប្រជាពលរដ្ឋ និង សហគមន៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានអនុវត្ត និង ពង្រឹងការអនុវត្តវិធានការចាំបាច់នានា ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដោយបានទប់ស្កាត់គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ លើសុខភាពសាធារណៈ និង អនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស សម្រាប់ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹកមិញនេះ សម្តេចបានសម្រេចផ្ទេរវ៉ាក់សាំង ចំនួន ១៥លានដូសជូនទៅប្រទេសចិនវិញ ដែលមិនទាន់ដឹកមកដល់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍ និង បណ្តាប្រទេសជាមិត្ត ដែលបានឧបត្ថម្ភជាសម្ភារៈ, បរិក្ខារ, ឧបករណ៍ពេទ្យ, វ៉ាក់សាំងកូវីដ-១៩, រថយន្តគិលានសង្គ្រោះ, ជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាស្រ័យលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ហើយការអភិវឌ្ឍធនធានមនុស្ស គឺអាស្រ័យសុខភាពល្អរបស់ប្រជាជន ដែលជំរុញដោយការផ្តល់សេវាសុខភាពល្អ, ពេញលេញ, គ្រប់គ្រាន់ និង ប្រកបដោយប្រសិទ្ធភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹង ពង្រីក និង កែលម្អសេវាសុខភាពសាធារណៈ។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋ សម្រាប់វិស័យសង្គមកិច្ច ជាពិសេស វិស័យសុខាភិបាលសំដៅ ជំរុញជាប្រចាំនូវការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និង ការព្យាបាលសុខភាព ឱ្យកាន់តែល្អប្រសើរឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើននៃលទ្ធភាព និង ឱកាសទទួលបាននូវសេវាសុខភាពប្រកបដោយសមធម៌ គឺជាកត្តាដ៏មានសារៈសំខាន់មួយ ក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជននៅទូទាំងប្រទេស ឱ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និង មានសុខុមាលភាព ក្នុងសង្គម ស្របតាមគោលដៅ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និង មានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន, ការស្រាវជ្រាវស្វែងរកករណី និង ការវាយតម្លៃស្ថានការណ៍ ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងការបង្ការទប់ស្កាត់, កាត់បន្ថយហានិភ័យ និងការស្តារឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លង ឬគ្រោះអាសន្នសុខភាពសាធារណៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬ អតិថិជន និង ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និង ការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ពង្រឹងការបណ្តុះបណ្តាលលើផ្នែកសុខាភិបាល ទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ចូលជំនាញទន់នៅក្នុងកម្មវិធីសិក្សា ជាពិសេស ក្រមសីលធម៌អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់។

* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រ កម្រិតឧត្តម និង មានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឱ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័ន និងយន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និង គម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបាន សេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និង វាយតម្លៃនិន្នាការនៃការប្រើប្រាស់សេវាថែទាំសុខភាព និងប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល សុខភាព ប្រកបដោយទឹកចិត្តបរិសុទ្ធ និង គោរពស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និង គ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំង ដល់សុខភាព និង អាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយ បន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរបបខ្មែរក្រហមការហូបចុកធ្វើយ៉ាងម៉េចឱ្យតែបានឆ្អែត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់បច្ចុប្បន្នមិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់ និងសុវត្ថិភាពផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមន្ត្រីសុខាភិបាល គិតគូរពីសុវត្ថិភាពការហូបចុក ព្រោះការហូបថ្ងៃនេះ អាចបង្កបញ្ហាទៅថ្ងៃក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកកែសម្ផស្សពេលបច្ចុប្បន្ន បើមានអាពតម្តងទៀត អាចនឹងស្លាប់អស់។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអ្នកជំនាញទប់ស្កាត់កុំឱ្យពលរដ្ឋកម្ពុជាក្លាយទៅជាអ្នកត្រូវធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចាប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៤៖១៣នាទីនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕