Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីបុគ្គលិក នៃគ្រឹះស្ថានអង្គរ២០០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច

04-07-2016 15:07

(សៀមរាប)៖ មន្ត្រីបុគ្គលិក នៃគ្រឹះស្ថានអង្គរ២០០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាល និងបានទទួលសញ្ញាប័ត្រ ស្ដីពីបដិសណ្ឋារកិច្ច ដែលស្ថិតក្នុងអធិបតីភាពរបស់លោកឧកញ៉ា សៀង ណាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា សៀង ណាំ បានសម្ដែងការអបអរសាទរ គាំទ្រ ចំពោះបុគ្គលិក មន្ត្រីនៃគ្រឹះស្ថានអង្គរ ដែលបានទទួល វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ ដោយជោគជ័យ ក្នុងការយកចំណេះដឹងទៅបំពេញមុខងារទំនាក់ទំនង បដិសណ្ឋារកិច្ចដើម្បី បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវា បម្រើជូនភ្ញៀវទេសចរ ឲ្យបានកាន់តែប្រសើរឡើង ក្នុងគោលបំណងទាក់ទាញកំណើនភ្ញៀវទេសចរ អន្តរជាតិ ឲ្យមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្ដើមពី ថ្ងៃទី២០-២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ គ្រឹះស្ថានអង្គរដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលសម្រាប់ការគ្រប់គ្រង និងលក់ប័ណ្ណចូលទស្សនារមណីយដ្ឋាន អង្គរ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប សកលវិទ្យាល័យអង្គរ បានបើកវគ្គបណ្ដុះបណ្ដាល ជំនាញប្រាស្រ័យទាក់ទង បដិសណ្ឋារកិច្ច ជូនដល់មន្ត្រីបុគ្គលិករបស់ខ្លួន២០០នាក់ ក្នុងនោះស្រី៨៤នាក់ ដោយបែងចែកជាពីរវគ្គបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។

 លោកបានបន្តថា ក្រសួងទេសចរណ៍ បានលើកយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តន៍ ក្នុងនោះការពង្រឹង និងការអភិវឌ្ឍន៍សមត្ថភាព ដល់ស្ថាប័ន អង្គភាព មន្ត្រី បុគ្គលិក ប្រតិបត្តិការទេសចរ គ្រប់ភាគីពាក់ព័ន្ធ គឺជាមធ្យោបាយដ៏អាទិភាពមួយ ហើយចំពោះការធ្វើ បដិសណ្ឋារកិច្ច ដ៏គាប់ប្រសើរ និងប្រកបដោយវិជ្ជាជីវៈ ដូចជាការទំនាក់ទំនងល្អ ការបង្ករភាពស្និទ្ធស្នាល ការរក្សាបាននូវបរិយាកាស សុវត្ថិភាពល្អប្រសើរ ការយល់ដឹង ការឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវ អតិថិជន សាធារណៈជនទូទៅ គឺតម្រូវឲ្យមានការចូលរួម ចំណែកពីគ្រប់ភាគី ដៃគូរពាក់ព័ន្ធទាំងអស់ សម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយ ប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់នោះ៕