(ភ្នំពេញ)៖ សមាគមមិត្តយើង និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) បានរៀបចំកម្មវិធីសប្បុរសធម៌ «សក់ និងសម្រស់របស់មិត្តយើង» ក្នុងនោះបានកាត់សក់ជូនសិស្ស-និស្សិត និងលោកគ្រូ-អ្នកគ្រូជាង៥០០នាក់។

លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជាជានាយកសាលាជំនាញសក់ និងសម្រស់អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិកបានលើកឡើងថា នេះជាលើកទី៥ហើយ ដែលសមាគមមិត្តយើងបានរៀបចំកម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» នេះឡើង។

ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង ជួយដល់បងប្អូនមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក៏ការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយទទួលបានសក់ស្អាត។ កម្មវិធីមួយនេះជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្ដថា ថ្ងៃនេះមានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ក៏ដូចជា ជាងសក់ជាង៦០នាក់ តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ជូន សិស្សនិស្សិត លោកគ្រូអ្នកគ្រូកំពុងបង្រៀន និងរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបន្តថា សមាគមមិត្តយើងមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកមានជីវភាពខ្វះខាត កម្មវិធី៥លើកនេះ បានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនមានជីវភាពខ្វះខាតជាង២ពាន់នាក់ មិនត្រឹមតែផ្តល់ការកាត់សក់ប៉ុណ្ណោះទេ ក៏មានកញ្ចប់ជំនួយដូចជា អង្ករ និងសម្ភារៈមួយចំនួនជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

លោកបានបញ្ជាក់ថា បងប្អូនចង់រៀនជំនាញកាត់សក់ អាចចុះឈ្មោះចូលរៀននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក សិក្សាជាមួយគ្រូជំនាញៗ និងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។

សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការផ្តល់ជូនកាដូរជាអាវយឺតមិត្តយើងម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញក្រោមការឧបត្ថមពីក្រុមហ៊ុន ស៊ីស៊ីធម្មជាតិចំនួនម្នាក់មួយប្រអប់៕