(ភ្នំពេញ)៖ ផ្ទះវិឡាភ្លោះ​មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៧​ ផ្លូវលេខ២​ ភូមិ​ទឹកថ្លា​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ នាវេលាម៉ោង ៧៖៥០នាទីព្រឹក​ថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបំផ្លាញសម្ភារខាងក្រោមពែកខាងមុខអស់មួយចំនួន​ និងប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿងទើបគ្រប់គ្រងបានមិនឲ្យរីករាលដាល។

លោកវរសេនីយ៍ឯក​ ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកកាន់លេខ​ ៦៦៦​ ថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះវិឡាភ្លោះ​, ភ្លាមៗនោះ​លោកបានបញ្ជារថយន្តពន្លត់អគ្គិភ័យ​ចេញជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តថា​ ចំពោះករណីខាងលើ មិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសមនុស្សណាម្នាក់នោះទេ។ រឺឯផ្ទះវិឡាភ្លោះ​ ដែលត្រូវអគ្គិភ័យឆាបឆេះជាប្រភេទសំណង់វិឡាភ្លោះ​ ទំហំ​ ៧ម៉ែត្រ​ គុណនឹង​ ១៨ម៉ែត្រ។

លោកវរសេនីយ៍ឯក​ ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលា​៨៖៥០នាទី​ ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង​១២ម៉ែត្រគូប។

ជាចុងក្រោយ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានសំណូមពរដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធា​នីភ្នំពេញ​ ត្រូវតែបង្កើតការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត​៕