(ព្រៃវែង)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានបើកវគ្គបំប៉ន ស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តព្រៃវែង ឲ្យទទួលបានចំណេះ ជំនាញថ្មីៗ ឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត ក្នុងការចុះអនុវត្តការងាររបស់ខ្លួនទៅតាមគោលដៅប្រកបដោយប្រសិទ្ធភាព។

ការបើកវគ្គបំប៉ននេះមានការចូលរួមលោក សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន ក្រុមចុះបញ្ជីដីធ្លីទាំង៨ក្រុម មន្ត្រីចុះបញ្ជី មន្រ្តីជាប់កិច្ចសន្យា មន្រ្តីស្ម័គ្រចិត្តទាំងអស់របស់ក្រុមចុះបញ្ជីទាំង ៨ក្រុម។

លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានរាយការណ៍ថា លទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រមាណ ២០ ឆ្នាំនេះ បានប្រកាសតំបន់បានចំនួន៨៧៤ ភូមិ ស្មើនឹង ១០០ ឃុំ សង្កាត់ ១៣ ស្រុក-ក្រុង។

មន្ទីរប្រមូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី, បញ្ចូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី, គូរក្បាលដីបានចំនួន ៨៤៦,០៥៥ក្បាលដី, បិទផ្សាយបានចំនួន ៧១៥,៣៥៣ ក្បាលដី, ចុះហត្ថលេខារួចបានចំនួន៦៧៤,៦០៤ប័ណ្ណ, ចែកប័ណ្ណដល់ដៃបានចំនួន ៦៦៩,៣៦៨ ប័ណ្ណ, បានអនុវត្តស្រុកចប់ជាស្ថាពរចំនួន ០៣ ស្រុក ស្មើ ៣១ ឃុំ និងមាន ៣៧៩ ភូមិ (ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ)។ ឃុំកំពុងអនុវត្តមានចំនួន ១៨ ឃុំ និងមាន ៧៩ភូមិ។ ចំនួនឃុំមិនទាន់បានចុះអនុវត្តមានចំនួន ១៦ ឃុំ មាន ២០៣ ភូមិ។ បានវាស់វែងចប់ ស្រុកកំចាយមារ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកញ្ជ្រៀច។ នៅសល់ស្រុកមិនទាន់វាស់វែងចប់មានស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកពោធិ៍រៀង ស្រុក ពាមរក៏ ស្រុកពាមជរ និងស្រុកមេសាង។

លោក សួន សូផា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលបានបំពេញការងារ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ នាពេលកន្លងមកនេះ ទោះបីជូបនូវឧបសគ្គយ៉ាងក៏ដោយ។

លោកក៏បានបន្ថែមទៀតថា ការបើកសិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ៕