(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបចំដឹកនាំប្រជាពលរដ្ឋ៤ឃុំ ចូលរួមដាំកូនឈើជិត១០ដើម មានឃុំចុងដូង ឃុំបឹង ឃុំឈូកខ្សាច់ និងឃុំបារាយណ៍ ក្នុងស្រុកបារាយណ៍ និងប្រកាសចាត់វិធានការក្ដៅតាមច្បាប់ ចំពោះជនទាំងឡាយណា ដែលហ៊ានល្មើសចូលកាប់បំផ្លាញព្រៃឈើ។
លោក សុទ្ធ ម៉ារី នាយកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានបញ្ជាក់ថា កូនឈើដែលត្រូវចែកជូនប្រជាពលរដ្ឋនៅក្នុងថ្ងៃនេះ មានចំនួនសរុប៩១,០៧១ដើម ដែលផ្នែករដ្ឋបាលព្រៃឈើបានបណ្តុះនៅថ្នាលបណ្តុះកូនឈើ «សម្តេច ហ៊ុន សែន» ក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងនោះមានឈើរយៈពេលវែង និងឈើរយៈពេលខ្លី និងឈើហូបផ្លែ។
លោកថា «កូនឈើរយៈពេលវែង មានដូចជា បេង ធ្នង់ គគីរ នាងនួន គ្រញូង ឈើទាលកកោះ និងផ្តៀក ជាដើម ចំណែកឈើមានរយៈពេលខ្លី មានដូចជា អាកាស្យា លឿងរាជ ត្របែកព្រៃ ហើយកូនឈើហូបផ្លែ មានដើមទឹកដោះ ដូង ខ្នុរ មៀន ស្វាយ ម្រុំ និងអំពិលផ្អែម ដែលបានបណ្តុះលើផ្ទៃដី១,៣១៥ហិចតា ចែកឲ្យប្រជាពលរដ្ឋ យកទៅដាំតាមទីវត្តអារាម សាលារៀន និងលំនៅដ្ឋានផងដែរ»។
ក្នុងឱកាសនេះផងដែរ លោក អ៊ុត សំអន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើឱ្យកាន់តែច្រើនថែមទៀត ព្រោះដើមឈើមានអត្ថប្រយោជន៍ សំខាន់ខ្លាំងណាស់។ លោកថា «ព្រៃឈើជាប្រភពអាហារ និងជាថ្នាំសង្កូវ សម្រាប់មនុស្ស សត្វ, ព្រៃឈើជាសរសៃឈាម នៃវិស័យសេដ្ឋកិច្ច, ព្រៃឈើអាចកាត់បន្ថយបម្រែបម្រូលអាកាសធាតុ»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏មានព្រមានដល់ជនទាំងឡាយណា ដែលនាំគ្នាចូលទៅកាប់ព្រៃឈើ ដែលច្បាប់ហាមឃាត់នោះទេ ដូចជាព្រៃឡង់ ព្រៃអង់តែន ព្រៃបម្រុង ជាពិសសេជនទាំងឡាយណា ដែលល្មើសហ៊ានចូលធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃ វាទយកដីមកធ្វើជាកម្មសិទ្ធរបស់ខ្លួន និងអ្នកនៅពីក្រោយខ្នងទាំងអស់ សូមដកខ្លួនចេញជាបន្ទាន់ បើពុំដូច្នោះទេ អាជ្ញាធរខេត្ត រួមនឹងកម្លាំងសមត្ថកិច្ច នឹងចាត់វិធានការក្តៅជាក់ជាមិនខាន៕