(ភ្នំពេញ)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ​គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។

​គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ។​

លោក ខូយ រីតា ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តពោធិ៍សាត់» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣​។

លោកបន្តថា ​«វារីអគ្គសនីនេះ គឺមានថាមពលជារៀងរាល់ថ្ងៃ អត់មានរដូវវស្សា និងរដូវប្រាំងទេ គឺមានជាប់រហូត ដោយសារតែទឹកស្ទឹងពោធិ៍សាត់មានទឹកគ្រប់រដូវ។ នេះបើតាមប្រសាសន៍របស់អគ្គនាយកក្រុមហ៊ុន។ ម៉េចបានគេដាក់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បើមាន១ប្រាកដជាមាន២ហើយ ដែលអាចប្រហែលនឹងមានគម្រោង ១ទៀតនៅខាងលើ ហើយខាងមុខទៀតនឹងមានគម្រោងមួយទៀត នៅជាប់ជាមួយព្រំប្រទល់ខេត្តកោះកុង»

ជាមួយគ្នានេះ លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះនៅខេត្តពោធិ៍សាត់មានអនុស្ថានីយ ចំនួន៣ រួមមាន អនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់ និង អនុស្ថានីយស្វាយស។

​ចំណែកថាមពលពន្លឺព្រះអាទិត្យ និងថាមពលផ្សេងៗ មានចំនួន ៤កន្លែង រួមមាន៖ ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ៩០មេហ្គាវ៉ាត់(MW) ០១កន្លែង,ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ១០គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង,ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ០៧គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង និងស្ថានីយសាកអាគុយ ដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងប្រេងខ្មៅ មានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង។

ដោយឡែក ​មូលនិធិកម្មវិធីថាមពលអូស្ត្រាលី(ODA) ដែលសាងសង់ឡើងដោយ សាធារណៈរដ្ឋកូរ៉េ ចំនួន០៤ នៅស្រុកភ្នំក្រវាញ មានដូចជា៖ កម្លាំង ៣៤.៦គីឡូវ៉ាត់ ១កន្លែង, កម្លាំង ១៣.៩ គីឡូវ៉ាត់ ១កន្លែង, កម្លាំង ៦.៩ គីឡូវ៉ាត់ ១កន្លែង និងកម្លាំង ១៣.៩ គីឡូវ៉ាត់ ១កន្លែង។

លោក ខូយ រីតា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅខេត្តពោធិ៍សាត់ បានគ្រប់គ្រាន់ដោយគ្មានគ្រួសារណាមួយនៅក្នុងតំបន់ទីប្រជុំ​ខ្វះថាមពលប្រើប្រាស់នោះទេ លើកលែងតែភូមិបង្កើតថ្មីនៅក្នុងតំបន់ដាច់ស្រយាល​ដែលនេះគឺមោទនភាពមួយរបស់ខេត្តនេះ៕