(ភ្នំពេញ)៖ លោក អ៊ាន រឿន និងលោកស្រី ឃីម ស៊ីថា ដែលជាមាតាបិតារបស់ឧកញ៉ា អ៊ាន សៀវម៉ី ទទួលបានគោរម្យ៍ងាជាឧបាសក និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលជាគោរម្យ៍ងារ ដ៏ឧត្តុងឧត្តមជាទីបំផុតនៅក្នុងព្រះពុទ្ធសាសនា។
ការប្រគល់សេចក្តីសម្រេចនេះ បានរៀបចំឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីដ៏រំភើបនេះ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានថ្លែងថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំថ្លែងអំណរព្រះករុណាទិគុណយ៉ាងក្រៃលែងជាទីបំផុតប្រគេន សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃ នាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនិមន្តជាអធិបតីក្នុងពិធីប្រកាសគោរម្យ៍ងារជូន លោកឪពុក អ៊ាន រឿន អ្នកម្តាយ ឃីម ស៊ីថា របស់ខ្ញុំព្រះករុណាម្ចាស់នូវគោរម្យ៍ងារជា មហាឧបាសក និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលជាគោរម្យ៍ងារ ដ៏ឧត្តុងឧត្តមជាទីបំផុតនៅក្នុងព្រះពុទ្ធសាសនា។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ថ្វាយព្រះពរជ័យ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ជាអម្ចាស់ សូមសម្តេចមានព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងសមប្រកបពុទ្ធពរ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕