(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានផ្ដាំផ្ញើពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ចំនួន២៤៥នាក់ មកពីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ សូមថែទាំសុខភាពឲ្យបានល្អ ហើយរួមគ្នាប្ដេជ្ញាលុបបំបាត់ឲ្យអស់ការរីករាលដាលមេរោគនេះទៅកាន់គេនៅបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។
លោកផ្ដាំយ៉ាងដូច្នេះ នៅក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ កាលពីល្ងាចទី០៦ ខែមីនា ឆ្នាំ២០២៣ ដែលប្រារព្វធ្វើនៅក្នុងវត្តព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
លោកបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។
សូមជម្រាបថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន ២៤៥នាក់ ដោយក្នុង១ម្នាក់ៗទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ម៉ាស ១ដុំ អាវរងា ១កញ្ចប់ សាប៊ូ ១ដុំ៕