(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានរៀបចំពិធីរំលឹកខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្ដ្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។
លោក ម៉ឹង យូឡេង បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការផ្ដល់តម្លៃដល់មន្ត្រីរាជការជាស្ត្រីស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការគោរពសិទ្ធិមនុស្ស និងតម្លៃស្ត្រីយ៉ាងពិតប្រាកដ ដោយបានជំរុញសកម្មភាពលើកកម្ពស់ សមភាពយេនឌ័រ ការយកចិត្តទុកដាក់ផ្ដល់កិត្តិយស មិនរើសអើង មិនមើលស្រាលលើសមត្ថភាព ព្រមទាំងបានផ្ដល់ឱកាសឱ្យស្ត្រីបង្កើនភាពអង់អាចក្នុងការកសាងសមត្ថភាពប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនេះ លោកកប្រធានបានគាំទ្រលើមូលបទដែលបានលើកឡើងថា «ស្ដ្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលក្នុងនោះការពង្រឹងសមត្ថភាពឱ្យស្របទៅ នឹងបច្ចុប្បន្នភាព នៃការអភិវឌ្ឍរបស់សង្គម ពិសេសភាពរីកចម្រើននៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលទាមទារឱ្យស្រ្តីគ្រប់រូប និងមន្ត្រីរាជការជាស្រ្តីត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទទួលបានព័ត៌មាននៃការវិវឌ្ឍនទាន់ ហេតុការណ៍ នៃព្រឹត្តិការណ៍សំខាន់ៗ។
សូមជម្រាបថា កម្មវិធីសំណេះសំណាលនេះ ក៏មានឧបត្ថម្ភជាថវិកា និងអង្ករដល់ស្ត្រីជាមន្ត្រីក្របខណ្ឌ័រដ្ធ និងស្ត្រីជាប់កិច្ចសន្យាផងដែរចំនួន២៧នាក់៕