(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី សេរី កុសល ជាអនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ជួបសំណេះសំណាល អប់រំបញ្ហាមីន ដល់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ នៅក្នុងភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី ក៏បានសម្ដែងការសោគស្តាយចំពោះគ្រួសាររងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ ដោយសារតែគ្រាប់មីនតោន កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦កន្លងមក ដោយបានបើកត្រាក់ទ័រទៅភ្ជួរដីស្រែចំណុចខាងជើងបង្គោលព្រំដែនលេខ៤២ បានប៉ះនឹងមីនតោន១គ្រាប់ ផ្ទុះ បណ្តាលឲ្យអ្នកបើកបរត្រាកទ័រភ្ជូរដីស្លាប់ភ្លាមៗ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ននេះខាងមន្ត្រីCMAC បានបន្តដោះគ្រាប់មីនជាច្រើនប្រភេទ និងបំផ្លាញជាច្រើនជាបន្តបន្ទាប់ តែចំពោះខេត្តបន្ទាយមានជ័យ ជាខេត្តមួយអស់សង្គ្រាមចុងក្រោយ និងជាខេត្តមួយជាប់ព្រំដែនថៃផងដែរ ហើយមានផ្ទៃដីជាង២ម៉ឺនហិតាតាំងពីឆ្នាំ២០០៩ ដែលបានបង្សល់ទុកគ្រាប់មីន អាវុធយុទ្ធភណ្ឌ តែពេលនេះបានរំដោះគ្រាប់មីនអស់ផ្ទៃដីចំនួន១៤៥០០ហិតាហើយ។
លោកបានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីគ្រោះថ្នាក់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយកុំឲ្យលេង ប៉ះពាល់ កែច្នៃគ្រាប់ ជាពិសេស ធ្វើការព្យួររាស់ត្រាក់ទ័រ កាប់ឆ្ការព្រៃ ឬហែកដីព្រៃ ដើម្បីធ្វើស្រែចំការ ដាំដំណាំផ្សេងៗ នៅខែវស្សាធ្លាក់ភ្លៀង ហើយតំបន់ទាំងនេះ ប្រតិបត្តិករដោះមីន មិនទាន់បានធ្វើការបោសសំអាតមីនទាំងស្រុងនៅឡើយទេ ដូចនេះនៅពេលបងប្អូនបានឃើញ ឬសង្ស័យថាមានគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមបងប្អូនត្រូវធ្វើសញ្ញាសំគាល់ ចំណាំ រួចរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធ ដែលនៅក្បែរៗនឹងបងប្អូនរស់នៅ ដើម្បីពួកគាត់មានវិធានការភ្លាមៗ។
បន្ទាប់ពីសំណេះសំណាលរួច លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ បានចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងផ្ទុះគ្រាប់មីនតោន និងសិក្សាដាក់កម្លាំងCMACបន្ថែមទៀត ដើម្បីដោះគ្រាប់មីន ជូនពលរដ្ឋឲ្យបានលឿនជៀសពីការគ្រោះថ្នាក់។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា នៅទីតាំងពិនិត្យកន្លែងកើតហេតុផ្ទុះមីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដោយស្នើឲ្យដោះមីនឲ្យអស់ចេញពីដីឃុំស្វាយចេក លោកទេសរដ្ឋមន្រ្តី នឹងពិនិត្យមើលពីផ្ទៃដីចំការមីននៅសេសសល់ និងបានលើកឡើងក្នុងផែនការរួចបន្តពិភាក្សាជាមួយក្រសួងការពារជាតិ គណៈកម្មការព្រំដែន ដើម្បីលើកផែនការបោសសំអាតមីន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋ។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក៏បានពាំនាំថវិការបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋ ប្រមាណ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដោយសារមីនតោន ឈ្មោះ ដេត ដែង ដោយបានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគក្នុងនោះមាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកក្រូច១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស និងថវិកា៤០ម៉ឺនរៀល ផងដែរ។ ចុងបញ្ចប់លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ បន្តដំណើរទៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីចុះសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ផងដែរ៕