(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានកោតសរសើរមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការបម្រើផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
លោក ណាប់ ប៊ុនហេង បានលើកឡើងចំណុចសំខាន់ៗមួយចំនួន សម្រាប់ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងតាមដានរាល់បញ្ហា សំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅគាត់ឲ្យបានទាន់ពេលវេលា។
ជាពិសេសបន្តអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កងកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ និងត្រូវជំរុញឲ្យបានល្អ ក្នុងការងារផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងគ្រប់ជ្រុងជ្រោយ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី នាពេលនេះ បានធ្វើការពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែ មីនា ឆ្នាំ២០២៣។ ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងស្តីពីការបិទបញ្ជីសម្រេចទូទាត់ ថវិកាចំណូល ចំណាយរបស់រដ្ឋបាលខេត្តសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២៕