(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ គ.ស ២០២៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី មន្ទីរជុំវិញខេត្ត អាជ្ញាធរ និងកងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ ជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសង្ក្រាន្តស្វាយរៀង ជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសហការអនុវត្តតួនាទីភារកិច្ចឱ្យឲ្យបានល្អប្រសើររវាងរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លើការរៀបចំចាត់ចែងផែនការលម្អិតគ្រប់ផ្នែកនៃកម្មវិធី និងតំបន់នីមួយៗ ជាពិសេសផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃប្រារព្ធពិធី។
លោកបានបន្ថែមថា ក្រុមការងារត្រូវលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីសង្ក្រាន្តស្វាយរៀងឆ្នាំ២០២៣នេះ ប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក និងបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា និងមកលេងកម្សាន្តប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរផងដែរ៕