(ព្រៃវែង)៖ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំស្មោងខាងជើង បានលើកឡើងថា ស្ត្រីគឺជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ដោយមិនអាចខ្វះស្រ្តីនោះទេ។

ការលើកបែបនេះ របស់អភិបាលរងខេត្តព្រៃវែង ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធី អបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិសិទ្ធនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលមានស្ត្រីចូលរួមចំនួន២០០នាក់ ស្ថិតនៅភូមិព្រៃស្ទរ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីជីវប្រវត្តិនៃការតស៊ូរបស់នារីយ៉ាងជូរចត់ ដើម្បីទាមទារបាននូវសិទ្ធិសេរីភាពមកដល់នាពេលនេះ ដោយបានពិភពលោកទទួលស្គាល់ និងផ្ដល់សិទ្ធិពេញលេញ នៅក្នុងការងារ និងសង្គមជាបន្តបន្ទាប់។

០៨ មីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់ស្រ្តីពលករទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា» «ការពារសុខភាពមាតា និងទារក»

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ទាំងសិទ្ធិនារី ដែលប្រារព្ធធ្វើនៅក្នុងថ្ងៃនេះ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត របស់ប្រជាពលរដ្ឋទូទាំងប្រទេសនេះ គឺកើតចេញពីកត្តាប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ នឹងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសិទ្ធិសេរីភាព មានសន្តិភាពពេញលេញទូទាំងប្រទេសកម្ពុជា។

លោកបន្តទៀតថា ប្រធានបទដែលបានលើកឡើង នៅក្នុងខួបលើកទី១១២ ទិវាអន្តរជាតិសិទ្ធនារី ៨ មីនា ឆ្នាំ២០២៣ គឺមានន័យគ្រប់គ្រាន់សម្រាប់ស្ត្រី ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្ម ខ្លាំងក្លាបំផុត ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន និងជាការលើកទឹកចិត្ត និងជំរុញឲ្យស្ត្រីគ្រប់រូបត្រូវចូលរួមសហការសាមគ្គីគ្នា ក្នុងការអភិវឌ្ឍប្រទេសជាតិ និងដើរឲ្យទាន់ការរីកចម្រើន ផ្នែកបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការប្រារព្ធពិធីនេះ ក្នុងអត្ថន័យរួមគឺ ការគោរព ស្រលាញ់ស្រី្ត លើកកម្ពស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ការងារ នយោបាយ និងការចូលរួមកិច្ចការសង្គមជាតិ រហូតគេបានចាត់ទុកស្ត្រី ជាមាតារបស់ពិភពលោក។

ក្នុងឱកាសនោះដែរ លោកអភិបាលរង ក៏បានផ្ដល់ជូនជាកាដូអនុស្សាវរីយ៍ដល់ស្ត្រី ដែលបានអញ្ជើញចូលរួមចំនួន២០០នាក់ ដោយក្នុងម្នាក់ទទួលបានសារ៉ុងមួយ និងថវិកាមួយចំនួនផងដែរ៕