(កំពង់ធំ)៖ លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បានជំរុញឲ្យស្ត្រី និងយុវជន ចូលរួមសកម្មភាពការការពារអភិរក្ស ធនធានព្រៃឈើសត្វព្រៃ និងជីវៈចម្រុះឱ្យប្រសើរឡើងប្រកបដោយនិរន្តរភាព។

លោក សោម សុភ័ក្រ បានថ្លែងក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងការងារប្រចាំត្រីមាសរបស់សហគមន៍ព្រៃឈើក្នុងឃុំសាលាវិស័យ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងព្រៃសហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច។

លោកបានបន្តថា ក្រោមជំនួយគាំទ្រពី យូអិនឌីភី (UNDP) និង អុកស្វាម (OXFAM) បច្ចុប្បន្នអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន អង្គការ រីខូស (RECOFTC) ព្រមទាំងអាជ្ញាធរមូលដ្ឋាន គាំទ្រការងារសហគមន៍ព្រៃឈើនិងសហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ ដោយចាត់ទុកព្រៃឈើ ជាអាយុជីវិត ព្រោះព្រៃឈើ បានស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ និងជាជំរកសត្វព្រមទាំងទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែប៉ុណ្ណោះ ព្រៃឈើមានប្រយោជន៍ជាច្រើនទៀត។ ម្យ៉ាងវិញទៀត ព្រៃឈើបង្កើនប្រាក់ចំណូល តាមរយៈភ្ងៀវទេសចរណ៍ ដោយលក់ជាម្ហូបអាហារ ជាវត្ថុអនុស្សាវរីយ៍ និងការដឹកជញ្ជូនភ្ញៀវមកលេងជាដើម។

ជាមួយគ្នានេះដែរ លោក មាន មុំ ប្រធានសហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច បានលើកឡើងថា សហគមន៍របស់លោក ត្រូវបានប្រកាសទទួលស្គាល់ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានផ្ទៃដីចំនួនជាង ៩០០ហិកតា ដោយមានប្រភេទឈើ និងសត្វព្រៃជាច្រើន៕