(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែងតែសំណូមពរដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ឲ្យជួយចង្អុលបង្ហាញពីសកម្មភាពបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រែងលោមានភាពចន្លោះប្រហោងពីសំណាក់អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញ។

ដើម្បីជាកិច្ចសហការគ្នា លោកសុំឱ្យអ្នកសារព័ត៌មានជួយឃ្លាំមើល និងរាយការណ៍ជូនលោកផ្ទាល់ ឬក៏រាយការណ៍ទៅមន្ត្រីជំនាញ ដើម្បីរួមគ្នាទប់ស្កាត់ និងចាត់វិធានការឱ្យមានប្រសិទ្ធភាព តបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារួមគ្នាអភិរក្សពូជមច្ឆាជាតិយើងឱ្យបានគង់វង្សផងដែរ។

បន្ទាប់ពីមានការអនុញ្ញាត និងបើកភ្លើងខៀវពីអភិបាលខេត្តរួចមក, នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានមួយក្រុមមានគ្នា៦នាក់ បានធ្វើដំណើរតាមកាណូតបាឡាស្មាច់២គ្រឿង ចុះទៅកាន់តំបន់អភិរក្សមួយកន្លែង ឈ្មោះ «ដែនអភិរក្សពូជត្រី (បឹងប្រា)» ដែលទីនោះជាកន្លែងអភិរក្សពូជត្រីដ៏ធំមួយកន្លែងក្នុងភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជល់គិរី តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ដ្ឋរស់នៅទីនោះ។

ឆ្លងតាមការពិនិត្យជាក់ស្ដែងនៅតំបន់នោះគឺមានបទល្មើសទេសាទទ្រង់ទ្រាយធំ កំពុងធ្វើសកម្មភាពនៅក្នុងតំបន់អភិរក្សពូជត្រីដ៏សំខាន់មួយនេះពិតប្រាកដមែន ដោយជនខិលខូចបានប្រើឧបករណ៍នេសាទខុសច្បាប់ធ្វើសកម្មភា ពដាក់ស្ទាក់ចាប់ត្រីរាប់សិបកន្លែងនៅពាសពេញក្នុងបឹងអភិរក្សពូជត្រីមួយនេះ ដែលខុសពីច្បាប់ស្ដីពីជលផល មិនតែប៉ុណ្ណោះពួកគេបាននិងកំពុងតែអនុវត្តផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

ចំណែកការប្រើប្រាស់ឧបករណ៍នេសាទក្នុងតំបន់អភិរក្សនេះវិញ ឃើញមានទាំងការដាក់សម្រាស់ជាច្រើនកន្លែង រួមនិងរបាំងលបលូធំៗដែលត្រូវបានគេដាក់ភ្ជិតដៃព្រែក និងដៃបឹងជាច្រើនរបាំង ក្នុងនោះគឺមាន៨០ភាគរយ ជាសាច់ស្បៃមុង ដែលគេដាក់ចាប់ត្រីទាំងតូចទាំងធំក្នុងមួយថ្ងៃៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដឹកលក់តាមទីផ្សារ ចេញពីក្នុងតំបន់អភិរក្សខាងលើនេះ។

ដោយឡែកនៅជិតតំបន់អភិរក្សខាងលើនេះ ក៏មានរោងសហគមន៍នេសាទ (ក្បាលកន្លង់) របស់លោក សូ ធន់ ប្រធានសហគមន៍នេសាទ នៅយាមតំបន់អភិរក្សក្បែរនោះ ដែលនៅមិនឆ្ងាយពីកន្លែងប្រព្រឹត្តបទល្មើសនេសាទ តែបែរជាមានបទល្មើសនេសាទយ៉ាងសន្ធឹកសន្ធាប់នៅពាសពេញក្នុងបឹងអភិរក្សក្បែររោងយាមនោះទៅវិញ។ ឯការធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅក្នុងតំបន់អភិរក្ស (បឹងប្រា) ខាងលើនេះ គឺមាននៅក្នុងចំណុចល្ពៅរពាក់ សំបករាម ពាមដៃបី បាតមា។ល។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានរាយការណ៍ និងបាញ់រូបភាពជូនលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងកិច្ចអន្តរាគមន៍ ជាការឆ្លើយតប និងរបាយការណ៍របស់ក្រុមអ្នកសារព័ត៌មានខាងលើនេះ យើងពិនិត្យឃើញមានសមត្ថកិច្ចសង្កាត់នេសាទពាមឆ្កោកចំនួន២បាឡា មានមន្ត្រីចំនួន៦នាក់ដឹកនាំដោយលោក ធី នាយសង្កាត់នេសាទពាមឆ្កោក ចុះមកប ង្ក្រាបផងដែរ។

តែសកម្មភាពបង្ក្រាបមិនបានបង្ក្រាបអស់១០០ភាគរយនោះទេ គឺបង្ក្រាបរយៈពេល ៣ម៉ោង បានប្រមាណពី ៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដោយកាប់លបលូ ២-៣កំណាត់ចោលនៅនឹងរបាំងតែម្ដង មិនបានប្រមូលយកសាច់របាំង ទៅទុក ឬដុតចោលនោះឡើយ។ រួចពួកគាត់ក៏បានវិលត្រឡប់ទៅកន្លែងវិញនៅវេលាម៉ោង ១៣៖០០នាទីរសៀល ថ្ងៃដដែលនោះវិញផងដែរ។

ទាក់ទងនឹងករណីបង្ក្រាបបទល្មើសនេសាទខាងលើនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថា បើថ្ងៃនេះ បង្ក្រាបមិនអស់ថ្ងៃស្អែក លោកនឹងបញ្ជាឲ្យសម ត្ថកិច្ចចុះបង្ក្រាបបន្ថែមទៀតឲ្យទាល់តែអស់។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ពេលឃើញរូបភាពបទល្មើសនេសាទខាងលើនេះ លោកបានប្រាប់ថា ពេលលោកបានឃើញរូបភាពបទល្មើសក្នុងតំបន់អភិរក្សបែបនេះហើយ លោកមិនយល់ទាល់តែសោះ ថាតើមន្ត្រីនៅមូលដ្ឋានគេធ្វើអីនោះទេ ហើយលោកក៏បានបញ្ជាក់បន្ថែមថា លោកនឹងប្រមូលកម្លាំងឲ្យច្រើនដើម្បីចុះទៅបង្ក្រាបបទល្មើសខាងលើនេះឲ្យអស់មិនអោយនៅសេសសល់ឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះ បានបញ្ជាក់ប្រាប់ថា បទល្មើសនេសាទទាំងអស់នេះ ដូចជាការដាក់របាំងស្បៃមុងភ្ជិតព្រែកការដាក់របាំងភ្ជិតដៃបឹង នឹងដាក់របាំងនៅតាមទីវាលក្នុងតំបន់អភិរក្ស ដឹងមានលោភលន់ធំៗបែបនេះ គឺមានសកម្មភាពតាំងពីយូរមកហើយ និងកើតមានជាយូរមកហើយ ប្រជាពលរដ្ឋតូចតាចដូចពួកគាត់មិនហ៊ានចេញមុខតវ៉ានោះទេ។

តែថ្ងៃនេះពួកគាត់ក៏ចូលរួមរីករាយផងដែរ នៅពេលដែលបានឃើញមានក្រុមការងារ និងសមត្ថកិច្ចអាជ្ញាធរចុះធ្វើការបង្ក្រាប។ ទន្ទឹមនេះពួកគាត់ក៏សូមសំណូមពរបន្ថែមទៀត តាមរយៈបណ្ដាញសារព័ត៌មានសុំឲ្យថ្នាក់ដឹកនាំ មេត្តាជួយឃ្លាំមើល ជាប្រចាំ ដើម្បីកុំឲ្យកើ តមានបទល្មើសនេសាទដូចនេះកើតមាននៅក្នុងដែនអភិ រក្សពូជត្រី(បឹងប្រា)នេះនៅឆ្នាំក្រោយៗទៀត ដើម្បីបន្តរក្សាពូជពង្សពូជមច្ឆាជាតិឲ្យបានគង់វង្សសម្រាប់ ជាប្រយោជន៍យើងទាំងអស់គ្នា។

ក្នុងនាមប្រជាពលរដ្ឋគ្មានអ្វីក្រៅតែអំពីការសុំសំណូមពរយ៉ាងទទូចដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីជំនាញ ពិសេសថ្នាក់ដឹកនាំ មេត្តាជួយទប់ស្កាត់នូវសកម្មភាពការរកនេសាទឱ្យប្រើឧបករណ៍ល្មើសច្បាប់ ពិសេសការធ្វើការ នេសាទនៅក្នុងតំបន់អភិរក្ស ដើម្បីរួមគ្នាទប់ស្កាត់ឲ្យស្របតាមការណែនាំ និងបទបញ្ជារដ៏ខ្ពង់ខ្ពស់បស់ប្រមុខរាជ រដ្ឋាភិបាលនៃយើង ដែលលោកតែងតែគិតគូរអំពីផលប្រយោជន៍រួមជាធំ សម្រាប់ពលរដ្ឋគ្រប់រូបដោយទទួលផលពី ធនធានធម្មជាតិ ក្នុងបឹងទន្លេសាបយូរអង្វែងតទៅ។

ពាក់ព័ន្ធនឹងបទល្មើសនេសាទនេះ ក្រុមអ្នកសារព័ត៌មាន ក៏បានទទួលរូបភាពអំពីសកម្មភាពហ៊ុំសម្រាស់ចាប់ត្រីចំនួន៤កន្លែង ដែលពលរដ្ឋថតផ្ញើមកឲ្យពីឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ដែលពួកខិលខូចបានហ៊ុំសម្រាស់ចា ប់ត្រីទាំងថ្ងៃ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។

តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធករណីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនេះ លោក ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានប្តេជ្ញាចិត្តថា នឹងអនុវត្តតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ដោយខិតខំពង្រឹងការអនុវត្តយ៉ាងម៉ឹងម៉ាត់ជាទីបំផុត និងបានប្រគល់ភារកិច្ចទាំងអស់នេះទៅថ្នាក់មូលដ្ឋានដើម្បីបន្តទទួលខុសត្រូវនៅតាមបណ្ដាមូលដ្ឋាននីមួយៗ។

លោកព្រមានថា អភិបាលស្រុក អភិបាលរងស្រុក អធិការណា ដែលទទួលបន្ទុកក្នុងគណៈកម្មការផ្នែកជលផល ប្រសិនបើធ្វើមិនបាននៅ តែកើតមានបទល្មើសនេសាទក្នុងដែនគ្រប់គ្រងរបស់ខ្លួនទេ ត្រូវទទួលខុសត្រូវចំពោះ មុខរាជរដ្ឋាភិបាល ក៏ដូចជាចំពោះមុខប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ទៀតថា ការបង្ក្រាបបទល្មើសនេសាទនេះ កន្លងមក លោកបានប្រើប្រាស់តែកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញតែប៉ុណ្ណោះ តែខណៈនេះមានការចូលរួមទាំងមន្ត្រីរាជការស៊ីវិល មន្ទីរអង្គភាពជុំវិញខេត្តផងដែរ ដោយហេតុថា ចំពោះធនធានធម្មជាតិក្នុងបឹងទន្លេ សាបនេះមានសារៈសំខាន់ណាស់ មិនមែនសម្រាប់តែតម្រូវការចំពោះតែប្រជាពលរដ្ឋ៦ខេត្តក្រុងតែប៉ុណ្ណោះទេ គឺបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំង១៦លាននាក់ នៅទូទាំងប្រទេស ហេតុនេះត្រូវតែមានការលះបង់ និងចូលរួមទាំងអស់គ្នា។

លោកបញ្ជាក់ថា គោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល ការអភិរក្សធនធានធម្មជាតិក្នុងបឹងទន្លេសាបនេះគឺដើម្បីប្រយោជន៍រួម និងដើម្បីសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត ពីព្រោះធនធានធម្មជាតិក្នុងបឹងទន្លេសាបគឺមានស ក្តានុពលច្រើនយ៉ាងណាស់បម្រើដល់វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ៕