(ព្រះវិហារ)៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង តំណាងឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្ដីរួមគ្នារក្សាសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅពន្ធនាគារខេត្តព្រះវិហារ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត តំណាងលោក គី រិទ្ធី អភិបាលខេត្តព្រះវិហារ និងប្រធានពន្ធនាគារខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង បានសំណេះសំណាល និងនាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារ ជាពិសេសមន្ត្រីពន្ធនាគារជាស្ត្រី នៃពន្ធនាគារខេត្តព្រះវិហារ នៅក្នុងពិធីនោះ។

ជាមួយគ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់ជូននូវបាច់ថ្កា និងកាដូជូនដល់ភរិយារបស់ថ្នាក់ដឹកនាំពន្ធនាគារ និងមន្ត្រីពន្ធនាគារជាស្ត្រី ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាដើម្បីលើកកម្ពស់នូវសមាសភាពយេនឌើផងដែរ។

សូមជម្រាបថា នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅពន្ធនាគារខេត្តព្រះវិហារ នាពេលនេះ ក៏មានមានការរៀបចំពិធីពិសារអាហារសាមគ្គី ជូនដល់មន្ត្រីពន្ធនាគារខេត្ត ព្រមទាំងចែកជូនអាហារដល់ជនជាប់ឃុំ ជាង៤០០នាក់ ហើយក្នុងឱកាសនោះ ឆ្លៀតពេលត្រួតពិនិត្យដល់ការដឹកនាំរបស់មន្ត្រីពន្ធធនាគារផងដែរ៕