(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែផ្តល់ឱកាសកាន់តែច្រើនជូនស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់។ ជាក់ស្តែង រាជរដ្ឋាភិបាល តែងតែ បង្កឱកាសឱ្យស្ត្រីមានឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ជាក់ស្តែងក្នុងជួររាជរដ្ឋាភិបាល ស្ត្រីបានទទួលឋានៈតួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា ដែលបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី ក្នុងសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

រដ្ឋមន្រ្តី វង សូត បានលើកឡើងថា ស្រ្តី និងក្មេងស្រី គឺជាតួអង្គ ដែលបានចូលរួមចំណែកដ៏សំខាន់ និងចាំបាច់ ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាបន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចក្លាហាន ដល់ស្រ្តី និងក្មេងស្រី គឺជារបៀបរវារៈ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាកល់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យពួកគេ ក្លាយជាកម្លាំងចលករ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងរឹងមាំសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈ លោក និងលោកស្រី បានអញ្ជើញចូលរួមនៅក្នុង ពិធីអបអរសារទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ជាខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ រដ្ឋមន្រ្តី វង សូត ក៏បាន សម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណ ចំពោះ គណៈកម្មការសាខាសមាគមនារី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានបំពេញតួនាទី និង អនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការ យកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់ បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

តាមរយៈទិវានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបុរសជាមន្ត្រីបុគ្គលិកទាំងអស់ ជ្រួតជ្រាបអំពីបញ្ហា យេនឌ័រ រួមសហការ លុបបំបាត់ភាពហិង្សាក្នុងគ្រួសារ ការរើសអើង ចំពោះស្ត្រី ហើយបង្កលក្ខណៈ ឱ្យនារីមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមគ្រប់សកម្មភាព របស់ក្រសួង និងសង្គម។

យោងតាមរបាយការណ៍របស់គណៈកម្មការសាខាសមាគមនារី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា ផ្អែកតាមទិន្នន័យប្រមូលបានត្រឹមខែធ្នូ ឆ្នាំ២០២២ ដោយក្រុមការងារយេនឌ័រ បានបង្ហាញថា មន្រ្តីជាស្រ្តីថ្នាក់ជាតិមានចំនួន៣៧ភាគរយ នៃចំនួនមន្រ្តីរាជការសរុប ១០៩០នាក់ មន្រ្តីជាប់កិច្ចសន្យាជាស្រ្តីថ្នាក់ជាតិចំនួន៦០ភាគរយ នៃចំនួនមន្រ្តីជាប់កិច្ចសន្យាសរុប ៣៩៧នាក់។

គួរបញ្ជាក់ថា ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណង បន្តរំលេចពីតម្លៃ មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសមិទ្ធិផល ដែលសម្រេចបាននាពេលកន្លងមក ក្នុងរយៈពេល២៥ឆ្នាំ ក្រោយសន្និសីទពិភពលោក ស្តីពីស្រ្តីលើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែលមានផែនការផ្តោតសំខាន់ ទៅលើបញ្ហាអាទិភាពចំនួន១២ ដែលមានមូលដ្ឋាន លើការលើកកម្ពស់សិទ្ធិស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការផ្លូវច្បាប់ជាដើម៕