(ទីម័រឡេស្តេ)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ដ្រីទីម័រឡេស្តេលោក Taur Matan Ruak។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសនោះនាយករដ្ឋមន្ដ្រីទីម័រឡេស្តេ បានសម្ដែងនូវការស្វាគមន៍យ៉ាងស្និតស្នាល និងបានថ្លែងអំណរគុណប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន នាយករដ្ឋមន្ដ្រី ដែលបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហការជាមួយនឹងប្រជាជន និងរាជរដ្ឋាភិបាលទីម័រឡេស្តេ ជាពិសេសបានជួយជំរុញឲ្យប្រទេសទីម័រឡេស្តេ អាចចូលជាសមាជិកអាស៊ាន និងជួយដោះស្រាយនូវការលំបាកនៅក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ តាមរយៈការដឹកជញ្ជូននូវសម្ភារពេទ្យ ដោយប្រើប្រាស់យន្ដហោះចំនួន២គ្រឿង ដើម្បីផ្ដល់ជូនជាអំណោយសប្បុរសធម៌ដល់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ដែលអ្នកទាំងអស់គ្នាចង់ចាំមិនភ្លេច។
ទាក់ទងនឹងការទំនាក់ទំនងលើវិស័យដឹកជញ្ជូន តាមផ្លូវអាកាស ឬក៏វិស័យអាកាសចរស៊ីវិល, នាយករដ្ឋមន្ដ្រីទីម័រឡេស្តេ សូមថ្លែងអំណរគុណលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដែលបានជួយជំរុញឲ្យមានកិច្ចសហការ និងសហប្រតិបត្ដិការជាមួយគ្នាកាន់តែល្អប្រសើរថែមទៀត ទៅលើវិស័យអាកាសចរស៊ីវិល ជាពិសេសបានចុះហត្ថលេខា MoU សម្រាប់ជំរុញការហោះហើរ នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ដ្រីទីម័រឡេស្តេ ដែលបានឆ្លៀតពេលវេលាអនុញ្ញាតឲ្យគណៈប្រតិភូចូលសម្ដែងការគួរសម និងបានជម្រាបអំពីវឌ្ឍនភាព ពីការរីកចម្រើនវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ក៏ដូចជាការរីកចម្រើនទាំងមូល នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសមានសុខសន្ដិភាព ហើយនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ចំពោះវិស័យអាកាសចរស៊ីវិលឃើញថា ដំណើរទស្សនកិច្ចនេះ មានការផ្សារភ្ជាប់យ៉ាងជិតស្និត ជាមួយនឹងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីទីម័រឡេស្តេ ទៅកាន់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០២២កន្លងទៅ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បានស្នើសុំឲ្យក្រុមការងារបច្ចេកទេសនៃស្ថាប័ននីមួយៗ ធ្វើយ៉ាងណាជំរុញឲ្យមានការអនុវត្ដ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅលើកិច្ចសហប្រតិបត្ដិការខាងផ្នែកពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហប្រតិបត្ដិការខាងផ្នែកបច្ចេកទេស៕