(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាលស្រុកព្រៃនប់ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានចាប់ជនដៃដល់ដែលបានចាក់សម្លាប់សង្សាររបស់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ជនដៃដល់ត្រូវបានចា​ប់ខ្លួននៅតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយចាក់សម្លាប់សង្សាររបស់ខ្លួនកាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានសង្សារចាក់សម្លាប់ ពេលកំពុងដើរចេញពីធ្វើការរោងចក្រ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណរោងចក្រ «បេវឈីវើ»

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្រុកកំណើតឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈជនដៃដល់ជាសង្សាឈ្មោះ ឡូត ម៉ុក អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា ហើយបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។

ក្រោយការចាប់ខ្លួន ជនដៃដល់ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តទៀត៕