Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតចិនកសាងបានសម្រេចនូវតេលេស្កូប ធំជាងគេបំផុតលើលោក និងត្រៀមស្វែងរកពួក Aliens

04-07-2016 14:36

(ប៉េកាំង)៖ ទីបំផុតតេលេស្កូប ឬកែវយឺត (Telescope) ដ៏ធំជាងគេបំផុត មិនធ្លាប់មាននៅលើសកលលោកយើង និងបានល្បី ខ្ទរខ្ទា ចាប់តាំងពីការចាប់ផ្តើមសាងសង់នោះ ត្រូវបានវិស្វករចិនបញ្ចប់ការសាងសង់ជាស្ថាបពរហើយ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា និងបានប្រកាសចេញជាផ្លូវការនៅថ្ងៃចន្ទនេះ។ នេះបើតាមការ ចេញផ្សាយពីវែបសាយចិន នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។

តេលេស្កូប ខាងលើនេះជាប្រភេទ Radio Telescope ដែលមានមូលដ្ឋាននៅក្នុងស្រុក Pingtang នៃខេត្ត Guizhou ភាគនិរតីប្រទេសចិន មានប្រវែង៥០០ម៉ែត្រ និងឈ្មោះជាផ្លូវការ Aperture Spherical Telescope ឬក៏ FAST។ ប្រទេសចិនបានចំណាយលុយ ១៨០លានដុល្លារអាមេរិក និងរយៈពេល ៥ឆ្នាំទើបអាចបញ្ចប់ការកសាង វត្ថុដ៏អស្ចារ្យ បំផុតលើលោកនេះបានសម្រេច។

តេលេស្កូប ឬ ហៅពាក្យយ៉ាងងាយថាកែវពង្រីកយក្សនេះ មានបន្ទះគ្របដណ្តប់រហូតទៅដល់ ៤,៤៥០បន្ទះ ហើយ គំរោងនៃការបង្កើតវាឡើងនេះ ត្រូវបានចាប់ផ្តើមធ្វើការសិក្សាតាំាងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។ បើគិតពីទំហំវិញគឺវាអាចគ្រប ដណ្តប់លើទីលានបាល់ទាត់បានចំនួន ៣០ឯណោះ។

គួរបញ្ជាក់ថា FAST ដ៏ធំមហិមាខាងលើនេះ មានតួនាទីក្នុងរុករកវត្ថុផ្សេងៗនៅទីអវកាស ជាពិសេសប្រព័ន្ធព្រះអាទិត្យ និងភពដទៃៗទៀត ដែលស្ថិតនៅឆ្ងាយរាប់សិបឆ្នាំពន្លឺពីភពផែនដីយើង។ អ្នកតារាវិទូចិន រំពឹងថាពួកគេនឹងរកឃើញនូវ លទ្ធផលជាច្រើននៅក្នុងរយៈពេល ពីរឬបីឆ្នាំខាងមុខ ទាក់ទងនឹងជីវិតនៅភពដទៃទៀត ក្រៅពីប្រព័ន្ធព្រះអាទិត្យរបស់ យើង ដោយការប្រើប្រាស់កែវយឺត ដែលមានសមត្ថភាពស្រូបយកទិន្នន័យបានប្រសើរជាង នៅប្រទេសផ្សេងៗទៀត។

ប្រទេសចិនបានប្រកាសថា តេលេស្កូប នេះគឺនឹងបើកទូលាយសម្រាប់ការបន្ថែមបច្ចេកវិទ្យា ឬការសិក្សាដើម្បីអភិវឌ្ឍន៍ ពីបណ្តាដៃគូនានា នៅពិភពលោកយើងនេះ។ តាមការផ្សាយរបស់ ស៊ិនហួរ FASTក៏មានតួនាទីចាប់យករូបភាព កញ្ជុំផ្កាយ, រលកសញ្ញានៃកម្លាំងទំនាញ, និង អាមីណូអាស៊ីដ ដែលជារឿងចាំបាច់ដែលអាចបញ្ជាក់ថា ភពផ្សេងទៀត ដែលគេរកឃើញនោះ មានជីវិតរស់នៅដូចនៅលើផែនដីដែរឬទេ៕