(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានសាទរចំពោះចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌសែនសុខ និងមន្ត្រីមូលដ្ឋានដែលបានមានចំណាត់ការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការសាងសង់សំណង់រំលោភច្បាប់របស់ឈ្មោះ ស៊ុន ច័ន្ទថន បន្ទាប់ពីពួកគាត់បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់ក្រុមការងារការិយាល័យភូមិបាលខណ្ឌ ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងតាមពាក្យបណ្តឹងទប់ស្កាត់ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់ឈ្មោះ សៀង ស្រីមុំ ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញ ដែលមានការសហការចូលរួមមានពីលោក លូ ណូរ៉ា លោក ម៉ី ច័ន្ទឧត្តម មន្ត្រីការិយាល័យភូមិបាលខណ្ឌសែនសុខ រួមជាមួយមន្ត្រីសង្កាត់ មេភូមិចុងថ្នល់ខាងកើត ចុះដល់ទីតាំងដីជាក់ស្តែងដោយក្រុមការងារពិនិត្យឃើញថាឈ្មោះ ស៊ុន ច័ន្ទថន ម្ចាស់ក្បាលដីលេខ ៨៤៨ នៅតែបន្តសាងសង់ ។ ដោយឡែកចំពោះរបងដែលបានសាងសង់រួចរាល់ហើយ គឺត្រូវផ្អាកការសាងសង់សិនដោយរងចាំការដោះស្រាយពីអាជ្ញាធរ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋផ្សេងទៀតក៏បានប្តឹងឈ្មោះ ស៊ុន ច័ន្ធថន ពីការសាងសង់សំណង់រំលោភលើផ្លូវសាធារណះផងដែល ដោយបានដាក់បណ្តឹងទៅអភិបាលខណ្ឌសែនសុខ ដោយមានកម្មវត្ថុ ស្នើសុំជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់របស់ម្ចាស់ក្បាលដីលេខ ៨៤៨,៨៤៩,៨៥០ នៅទីតាំងខាងលើ ដែលកំពុងសាងសង់លើផ្លូវសាធារណៈ និងស្នើសុំឲ្យរុះរើសំណង់ចេញពីផ្លូវសាធារណៈវិញ។ ហើយនៅក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋក៏បានប្តឹងករណីនេះទៅសាលារាជធានីភ្នំពេញ ហើយសាលារាជធានីធ្លាប់បានចេញលិខិតលេខ ៧៦៣/២១ ដ.ក.អ.វ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឲ្យរដ្ឋបាលខណ្ឌសែនសុខ ធ្វើការដោះស្រាយ និង រាយការណ៍ ក្រោយមកម្ចាស់សំណង់នេះបានផ្អាក ការសាងសង់មួយរយៈ តែក្រោយមកម្ចាស់សំណង់បានធ្វើការសាងសង់រំលោភលើផ្លូវសាធារណៈបន្ថែមទៀត ដោយមិនគោរពការដោះស្រាយរបស់អាជ្ញាធរនោះឡើយ។ លុះនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងម្តងទៀត តែម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់ដដែរ ទើបនៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៣ លោក វ៉ាន់ អៀង ជាប្រជាពលរដ្ឋដែលបាត់បង់ប្រយោជន៏ដោយការសាងសង់់សំណង់ល្មើសនេះ បានដាក់ពាក្យបណ្តឹងម្ដងទៀត ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាអមលេខ:១៦០/២៣ ដកអ.រ ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ។ ដោយត្រូវអនុវត្តតាមចំណាររបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដើម្បីចុះផ្អាកការដ្ឋានសំណង់ រង់ចាំធ្វើការដោះស្រាយ រួចធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញវិញ តែម្ចាស់សំណង់នៅតែមិនផ្អាក គិតតែសម្រុកធ្វើដោយមិនគោរពការដោះស្រាយរបស់អាជ្ញាធរអ្វីឡើយ។
ទើបតែពេលនេះមានបណ្តឹងថ្មីទៀតពីប្រជាពលរដ្ឋ ទើបមានការចុះមកហាមឃាត់ពីសំណាក់អាជ្ញាធរ និងបញ្ជាអោយផ្អាកការសាងសង់ជាថ្មីរង់ចាំធ្វើការដោះស្រាយរួចរាល់សិន។
បើតាមការឲ្យដឹងពីលោក វ៉ាន់ អៀង បានប្រាប់ឲ្យដឹងថា រូបលោកក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតបានប្ដឹងទប់ស្កាត់ការសាងសង់សំណង់របស់លោក ស៊ុន ច័ន្ធថន នេះជាច្រើនលើក ច្រើនសារមកហើយ តែលោក ស៊ុន ច័ន្ទថន នៅតែបន្តសាងសង់ និងធ្លាប់បានប្រើពាក្យសម្តីគម្រាមរូបលោក ដែលធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការរស់នៅ។ ហើយការសាងសង់នេះនៅលើផ្លូវច្រកសាធារណៈ និងបានបិតខ្សល់ធ្វើឲ្យទឹកហូរចូលជ្រាប ធ្វើឲ្យមានការខូចខាតសម្ភារៈរបស់រូបលោកជាបន្តបន្ទាប់។ លោកបានបន្ថែមថា មូលហេតុដែលលោក និង ប្រជាពលរដ្ឋមានការភ័យខ្លាចនោះគឺ លោក ស៊ុនច័ន្ទថន ជាមន្ត្រីយោធា និងជាអ្នកជំនួញធំមួយរូប ទើបលោកមិនខ្វល់ពីការប្តឹងរបស់ប្រជាពលរដ្ឋ និងការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។
ជុំវិញករណីនេះប្រជាពលរដ្ឋមានការទទូចស្នើសុំជាបន្តសុំឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគាត់ជាប្រជាពលរដ្ឋផង ដោយពួកគាត់សុំរស់នៅបានសុខដោយកុំឲ្យមានការរំលោភបំពាន និងជួយរក្សាច្រកផ្លូវមួយនេះទុកជាប្រយោជន៍រួម ដោយកុំឲ្យមានការសាងសង់សំណង់អ្វីផ្សេងៗទាំងអស់ ដោយទុកឲ្យខ្យល់ចេញ-ចូល និងប្រើប្រាស់ជាសាធារណះ៕