(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា គ.ស.២០២៣ ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងលោកស្រី នៅសាលប្រជុំធំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញ ចូលរួមលោកស្រីអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីទាំងអស់របស់ ន.ធ.ក.។
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានអានព្រះរាជសារទាំងស្រុងរបស់ សម្តេចព្រះមហាក្សត្រីនរោត្ត មនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានផ្ងើជូនជនរួមជាតិជាស្ត្រីទាំងអស់ដោយក្តីស្រឡាញ់ ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា គ.ស. ២០២៣។
លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានអានរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំគ.ស.២០២២ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
លោក ប៊ូ ច័ន្ទភីរូ បានមានមតិសំណេះសំណាល ប្រកបដោយភាពស្និទ្ធិស្នាលនិងកក់ក្តៅ ដោយបានលើកសរសើរពីកិច្ចខំប្រឹងប្រែង ការចូលរួមយ៉ាងសកម្មរបស់មន្ត្រីជានារី ដែលបានសម្រចការងារជាច្រើន ជូនអង្គភាពកន្លងមក ជាក់ស្តែងនៅនិយ័តករធានារ៉ាប់រងកម្ពុជា មានមន្ត្រី៥០%ជាង ជានារី ក្នុងនោះក៏មានថ្នាក់ដឹកនាំក៏ជានារី ដែលនេះហើយពីបង្ហាញពីសមភាពយេនឌ័រ និងជាការបង្ហាញពីភាពខ្លាំង លេចធ្លោ របស់មន្ត្រីជានារី ដោយជាគោលការណ៍រួមរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងរូបលោកផ្ទាល់ សមត្ថភាពគឺជារឿងសំខាន់ មិនថាមន្ត្រីជានារី ឬបុរស មានសិទ្ធិស្មើគ្នា មានសិទ្ធិទទួលបានដូចគ្នា ទាំងទទួលបានការតែងតាំង ចូលរួមវគ្គបណ្តុះបណ្តាលទាំងក្នុង ក្រៅប្រទេស និងការតម្លើងឋានៈតួនាទីដូចគ្នា។
លោកបានបន្តថា ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទខាងលើ គឺការរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃ បានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព៕