(ភ្នំពេញ)៖ លោក គឹម សន្តិភាព មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានហៅការចេញសេចក្តីថ្លែងការណ៍ CNRP ពាក់ព័ន្ធការសម្រេចរបស់សភាស៊ើបសួរ របស់ឧទ្ធរណ៍លើសំណុំរឿង កឹម សុខា ជាសេចក្តីថ្លែងការណ៍ត្រីកំភ្លាញ!
មន្រ្តីអ្នកនាំពាក្យរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចរបស់តុលាការ គឺជាការសម្រេចតាមនិតិវិធី នៃច្បាប់ជាធរមានពុំមានលក្ខណៈត្រង់ណាមួយដែល បង្ហាញអំពីចរិកនយោបាយ ដូចការចោទប្រកាន់នោះទេ! មានតែថ្នាក់ដឹកនាំ CNRP ទេ ដែលយកចរិកនយោបាយដាក់ខ្លួន ជាលេសការពារខ្លួន ក្នុងខណៈដែលខ្លួនប្រព្រឹត្តបទល្មើស ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន!»
លោក គឹម សន្តិភាព បានបន្ថែមថា៖ «សូមពិចារណាឡើងវិញនូវសេចក្តីថ្លែងការណ៍ខ្លួន និងសូមពិនិត្យមើលមាត្រា៥២២ និង៥២៣នៃក្រមព្រហ្មទណ្ឌ ដើម្បីជាសវៀងកុំឲ្យក្លាយខ្លួនជាត្រីកំភ្លាញបន្តទៀត!»។
សូមជំរាបថា នៅវេលាថ្ងៃត្រង់ទី០៤ ខែកក្កដា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយបានលើកឡើងថា សេចក្តីសម្រេចរបស់ សភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយច្រានចោលនូវការស្នើសុំមោឃភាពនីតិវិធី របស់ក្រុមមេធាវីការពារក្តី លោក កឹម សុខា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ គឺជាការសម្រេចមានចរិតនយោបាយ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ឡើយ៕