(កោះកុង)៖ ក្រុមហ៊ុន DIRET ACCESSCO ប្រគល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ១៥០គ្រួសារ ស្ថិតនៅតាមមាត់ព្រែក ស្រុកបូទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ខឹម សាម៉េត តំណាងក្រុមហ៊ុន លោកអភិបាលរងស្រុក និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

អំណោយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានពាំនាំចែកជូនប្រជាពលរដ្ឋនោះមាន អង្ករ១បាវទម្ងន់២៥គក ប្រេងសណ្តែក១ដបទឹកត្រី១ដប មី១កេះ។ ក្នុងពិធីខាងភាគីក្រុមហ៊ុន នឹងផ្តល់ការជួសជុលផ្លូវក្រាលគ្រួស ក្រហម ២ខ្សែ ស្ថិតនៅភូមិចាមឃុំអណ្តូងទឹក ស្រុកបូទុសាគរ មានកំពស់១ម៉ែត្របណ្តោយ១១០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងមួយខ្សែទៀត ស្ថិតនៅភូមិចន្ទ័រះ ឃុំអណ្តូងទឹក មានបណ្តោយ៧០០ម៉ែត្រកំពស់កន្លះម៉ែត្រ ជូនដល់ពួកគាត់ទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋផងដែរ។

លោក ខឹម សាម៉េត តំណាងឲ្យក្រុមហ៊ុន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ថ្ងៃនេះលោកមានការសប្បាយចិត្តណាស់ ដោយបានមកជួបជុំបងប្អូន ដើម្បីធ្វើការសំណេះសំណាល និងផ្តល់ព័ត៌មានខ្លះដល់បងប្អូន ក្នុងការដំណើរការក្នុងក្រុមហ៊ុនលោក ដែលធ្វើការបូមខ្សាច់ស្ថិតនៅស្រុកបូទុមសាគរនេះ។

លោកបន្ដថា បើមានទូកខាងក្រុមហ៊ុនលោក បើកទៅប៉ះពាល់របស់របរបងប្អូន ត្រូវរាយការណ៍ជូនលោកភ្លាម លោកនឹងសងរាល់ការខូចខាត ទៅតាមភាពជាក់ស្តែង មិនឲ្យបងប្អូនមានការខ្នក់ចិត្តឡើយ ហើយថ្ងៃនេះខាងក្រុមហ៊ុន ក៏បានពាំនាំនូវអំណោយមនុស្សធម៌ ជូនបងប្អូនខ្លះដែលទោះវាតិចតួចមែន តែវាអាចជួយសម្រួល ក្នុងជីវភាពក្នុងគ្រួសារបាន១គ្រាផងដែរ ហើយអំណោយនេះដែលផ្ដល់ជូនក្នុងឱកាសនេះ គឺមានការគាំទ្រពីអាជ្ញាធរ និងប្រជាពលរដ្ឋផងដែរ។
លោកបន្ថែមថា លោកនឹងទទួលសំណើរបងប្អូន ក្នុងការស្ថាបនាផ្លូវនេះឡើងវិញ ទៅតាមតម្រូវការបងប្អូន៕