(សៀមរាប)៖ លោក អាំង សុវណ្ណរ័ត្ត អគ្គនាយករងក្រសួងទេសចរណ៍ បានថ្លែងជំរុញឲ្យវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ធ្វើការវិនិយោកលើផលិតផល និងសម្ភារប្រើប្រាស់ថាមពលអគ្អិសនីឲ្យបានល្អ ដើម្បីជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយក្នុងឧស្សាហកម្មនេះ។
ការថ្លែងរបស់លោក អាំង សុវណ្ណរ័ត្ត ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញជាអធិបតិភាព ពិធីជួបជុំ និងបង្ហាញផលិតផលប្រព័ន្ធទឹកក្តៅ Rinnai នៅចុងសប្តាហ៍កន្លងទៅនេះ នាសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
លោក អាំង សុវណ្ណរ័ត្ន បានថ្លែងថា តំរូវការវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជាបានផ្លាស់ប្តូរ និងបន្តការផ្លាស់ប្តូរពី ការផ្តោត លើភ្ញៀវទេសចរដែលចំណាយទាប (Backpackers) ទៅពង្រីកទីផ្សារគោលដៅរបស់ខ្លួន លើប្រភេទភ្ញៀវទេសចរណ៍ ដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់ ជាពិសេសភ្ញៀវទេសចរលក្ខណៈក្រុមគ្រួសារ បានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង។
មន្ត្រីរូបនេះបានថ្លែងទៀតថា បច្ចុប្បន្ននេះភ្ញៀវទេសចរមកទស្សនា ចង់ទទួលបាននូវបទពិសោធន៍ដំណើរកំសាន្ត ដែលមានបទដ្ឋាន សេវាកម្មល្អប្រសើរ។ ចំនួនដៃគូប្រកួតប្រជែងឧស្សាហកម្មទេសចរណ៍ ត្រូវបានកើនឡើងនៅក្នុងកម្រិតលឿនផងដែរ ដូច្នេះដើម្បីអាជីវកម្ម ទទួលបានជោគជ័យ និងមាននិរន្តរភាពក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែល មានការប្រកួតប្រជែងខ្លាំងនេះ អាជីវកម្មគួរតែ មានគម្រោងផែនការ ជាមុនឲ្យបានច្បាស់លាស់ពោលគឺ អាជីវករដែលចង់ចាប់ផ្តើម ភោជនីយដ្ឋានឬសណ្ឋាគារក្តី ចាំបាច់ត្រូវរៀបចំ អាជីវកម្ម ប្រកបដោយវិជ្ជាជីវៈស្តង់ដារ។
លោក អាំង សុវណ្ណរ័ត្ន បានបញ្ជាក់ទៀតថា អាជីវករគួរមានភាពច្នៃប្រឌិតថ្មីៗ និងធ្វើអ្វីមួយប្លែក និងល្អជាងគូរប្រគួតប្រជែង។ ឧទាហរណ៍ ការរចនាអាគារឲ្យមានភាពទាក់ទាញ ការវិនិយោគលើបច្ចេកវិទ្យាបៃតង ឬ ប្រើប្រាស់ឧបករណ៍ ដែលមានប្រសិទ្ធិភាពខ្ពស់គឺជាចំនុច ទាក់ទាញ ក្នុងប្រតិបត្តិការអាជីវកម្ម។ អាជីវករគួរត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមមួយចំនួនផងដែរ។ នៅក្រុងសៀមរាបមិនដូចនៅ ក្រុងភ្នំពេញទេ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មានភ្ញៀវជាប្រចាំ តែចំពោះក្រុងសៀមរាបវិញ ចាប់ពីខែមីនាដល់ខែមិថុនា ចំនួនភ្ញៀវ ទេសចរណ៍ អាចរំពឹងថានឹងមានការធ្លាក់ចុះច្រើន។ ដូច្នេះការវិនិយោគលើផលិតផលត្រឹមត្រូវ នឹងជួយលោកអ្នកក្នុងការកាត់បន្ថយ ចំណាយ។
លោកបានថ្លែងទៀតថា សាជីវកម្ម Rinnai គឺជាក្រុមហ៊ុនធំលំដាប់អន្តរជាតិ មានម៉ាកល្បីទទួលស្គាល់សកលលោក និងមានដើមកំនើត ក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ១៩២០ មកម្លេះ។ មិនតែប៉ុណ្ណោះថែមទាំងមានវត្តមានជាច្រើន នៅប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ញូវហ្សេឡែន អង់គ្លេស អ៊ីតាលី ប្រេស៊ីល ចិន កូរ៉េ និងបណ្តាប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ក្នុងប្រទេសកម្ពុជា។ សាជីវកម្ម Rinnai មានអាយុកាលជិត ១០០ ឆ្នាំទៅហើយតែក្រុមហ៊ុននៅតែបន្តផ្តោតទៅលើការអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងជាពិសេសបានផ្តល់នូវដំណោះស្រាយ ទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាសនិង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។
លោកស្រី គីមស្រ៊ុន អេលីដា តំណងក្រុមហ៊ុន Camcona Trading Cambodia ជាក្រុមហ៊ុននំាចូល និងចែកចាយផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រីសហ្គាសដំបូងគេបង្អស់នៅកម្ពុជា បានថ្លែងថា ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ត្រូវបានរចនា និងផលិតនៅប្រទេស ជប៉ុន ធានាគុណនិងសុវត្ថិភាព ជួយសន្សំសំចៃថវិកា មានសមត្ថភាពខ្ពស់ ក្នុងការផ្គត់ផ្គង់ទឹកក្តៅបានឆាប់រហ័ស ងាយស្រួលធ្វើតំហែទំា ជួយកាត់បន្ថយចំណាយក្នុងការប្រើប្រាស់ថាមពល និងការពារបរិស្ថាន។
លោកស្រី គីមស្រ៊ុន អេលីដា បញ្ជាក់ទៀតថា Rinnai ជាក្រុមហ៊ុនដែលមានអាយុកាលច្រើនឆ្នាំមកហើយ និងទទួលបានទំនុកចិត្ត ពីសំណាក់អតិថជនជាច្រើន នៅក្នុងពិភពលោក Rinnai ទើបតែមានវត្តមានជាង ៣ឆ្នាំប៉ុណ្ណោះ នៅលើទីផ្សារប្រទេសកម្ពុជា តែម៉ាក់ Rinnai ត្រូវបានទទួលស្គាល់ និងទុកចិត្តពីសំណាក់អតិថជនយ៉ាងច្រើន។ លោកស្រី គីមស្រ៊ុន អេលីដា ក៏បានផ្ញើសារសម្រាប់អតិថជន Rinnai របស់ខ្លួន «សូមលាហើយការចំណាយវិក័យប័ត្រអគ្គីសនីដ៏មានតំលៃខ្ពស់»៕