(ភ្នំពេញ)៖ រោងចក្រ តុងហ្វាង ឈីងអ៉ី ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយបំផ្លាញរោងចក្រអស់ទាំងស្រុង ខណៈសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ជាង១០០ឡាន ទើបគ្រប់គ្រងបានមិនឲ្យរីករាលដាល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈីង អ៉ី ភេទស្រី អាយុ៤៩ឆ្នាំ។ រោងចក្រនេះជាភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ៣៥ម៉ែត្រ គុណ១០០ម៉ែត្រ ហើយករណីនេះក៏មិនបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ។
លោក ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨៤ឡាន។ រថយន្តជំនួយមានរថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្តកងរាជអាវុធហត្ថចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្តកងពលតូចលេខ៧០ (៧១១) ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៧គ្រឿង ប្រេីប្រាស់ទឹកអស់៧ឡាន, រថយន្តក្រុមហ៊ុន ស្រាវបៀរកម្ពុជា ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន និងរថយន្តក្រុមហ៊ុន ជីប ម៉ុង ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន។
សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះ អគ្គិភ័យហាក់បានកើតឡើងស្ទើររៀងរាល់ថ្ងៃ ពិសេសនៅក្នុងរាជធានីភ្នំពេញតែម្ដង ដែលទាមទារឲ្យប្រជាពលរដ្ឋម្ចាស់លំនៅឋាន ឬទីតាំងផ្សេងៗ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕