(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ចូលរួមក្នុងពិធីឆ្លងចេតីយ៍ដែលមានកម្ពស់១៤ម៉ែត្រសាងសង់ ពីបេតុង ប្រក់ក្បឿង តាមលក្ខណៈគំរូប្លង់សារមន្ទីរជើងឯក ដោយចំណាយថវិកាអស់ជាង៣ម៉ឺនដុល្លារក្នុងនោះថវិកាផ្ទាល់របស់លោក យស់ សារុន និងលោកស្រី ជាសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ដែលចាប់ផ្តើមកសាងនៅខែមីនា និងរួចរាល់ក្នុងខែធ្នូ ឆ្នាំ២០១៥ សម្រាប់ដាក់តម្កល់អដ្ឋធាតុអ្នកស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅវត្តច័ន្ទរង្សី ឃុំរំលេច ស្រុកបាកាន។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរចំពោះ លោក យស់ សារុន និងលោកស្រី លោក យ៉េត សារ៉ាត សម្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក លោក ថាច់ ឃន អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោកស្រី ព្រមទាំងព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណកម្មការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានរួមសាមគ្គី កសាងចេតីយ៍នេះឡើង សម្រាប់តំកល់អដ្ឋិធាតុអ្នកស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការបារម្ភខ្លាចបាត់នូវភស្តុតាង ដ៏សំខាន់។
លោកបន្ដថា ពលរដ្ឋយើងដែលមានអាយុក្រោម៤០ឆ្នាំ បានត្រឹមតែដឹង ប៉ុន្តែមិនដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩គឺមានរយៈពេល ៣ឆ្នាំ៨ខែ ២០ថ្ងៃនោះទេ ព្រោះថារបប ប៉ុល ពត នេះបានប្រែក្លាយប្រទេស កម្ពុជា ទៅជាសោកនាដកម្ម រងទុក្ខទោសដ៏សែនមហាឈឺចាប់ ពុំធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនៅលើសកលលោក។
ការកសាងចេតីយ៍ ឬស្តូបតំកល់អដ្ឋិធាតុអ្នកស្លាប់ នៅក្នុងវត្តច័ន្ទរង្សី ក្នុងឃុំរំលេចនេះឡើង ក្នុងគោលបំណងដើម្បីទុកជានិមិត្តរូប ធ្វើជាភស្តុតាង រក្សាទុកជាប្រវត្តិសាស្ត្រមួយ សម្រាប់កូនចៅជំនាន់ក្រោយៗបានដឹង និងបានស្គាល់ពីមេដឹកនាំដ៏ព្រៃផ្សៃ នៃរបបប៉ុល ពត។
លោកអភិបាលខេត្ត បានរំលឹកថា សោកនាដកម្ម វិនាសកម្ម អំពើរឃោឃៅព្រៃផ្សៃ ភាពរន្ធត់តក់ស្លុតការនិរាសព្រាតប្រាស់បាត់បង់ សមាជិកគ្រួសារ ដែលបង្កើតឡើងដោយរបប ប៉ុល ពត ធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសចងចាំជានិច្ច មិនអាចបំភ្លេច បាននូវការរស់រានឡើងវិញ ដោយសារគុណូបការៈដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃវីរៈកងទ័ពស្ម័គ្រចិត្ត បានវាយរំដោះប្រទេសជាតិ ប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបព្រៃផ្សៃឃោឃៅនៃរបប ប៉ុល ពត នេះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាស្ថាពរ។
លោកមានជំនឿជឿជាក់ថា ទៅថ្ងៃខាងមុខចេតីយ៍នេះ បានក្លាយទៅជាទីកន្លែងសក្ការៈបូជា ហើយបងប្អូនជនរួមជាតិជិតឆ្ងាយដែលមាន ឪពុក ម្តាយ ពូមីង បងប្អូន សាច់ញាតិ ដែលបានស្លាប់ដោយអយុត្តិធម៌ ក្នុងរបប ប៉ុល ពត មកចូលរួមអុជធូបនិងបង្សុកូលឧទ្ទិសកុសលជូន វិញ្ញាណខក្ខ័ន្ធ ដល់បុព្វការីជនពុំខានឡើយ។
បន្ទាប់ពីចែកជូនវត្ថុកំដដៃ ដល់លោកយាយ លោកតានោះរួចមកលោក ម៉ៅ ធនិន និងលោកស្រី ព្រមទាំងសប្បុរសជនបានអញ្ជើញ កាត់ខ្សែបូសម្ពោធ និងដង្ហែរអដ្ឋធាតុប្រទក្សិន៣ជុំ ចេតីយ៍ផងដែរ។ សូមបញ្ចាក់ថា នៅតំបន់រំលេចនេះ ត្រូវអាជ្ញាធរមូលដ្ឋានរកឃើញ កន្លែងកាប់សម្លាប់ និងគំនរឆ្អឹងជនរងគ្រោះក្នុងរណ្តៅរួម កាលពីសម័យ ប៉ុល ពត មាន៧ទីតាំងធំៗ គឺនៅទួលឈុន ទួលសេសញ៉ូវ មន្ទីរ៤២ ដំណាក់ផ្ចឹក ព្រៃក្របៅ អូរចែង និង ទួលទិលានបាល់រំលេច៕