(ភ្នំពេញ)៖ និស្សិតកម្ពុជា ដែលកំពុងសិក្សាផ្នែកច្បាប់ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសាលក្រមផ្តន្ទាទោសលោក កឹម សុខា ដែលត្រូវបានរកឃើញប្រព្រឹត្តទង្វើក្បត់ជាតិ។ ក្រៅតែពីការគាំទ្រដល់សាលក្រមផ្តន្ទាទោសលោក កឹម សុខា ហើយនោះ ក្រុមនិស្សិត ក៏បានអំពាវនាវដល់ទូតអាមេរិក កុំឱ្យគាំទ្រចលនាបដិវត្តន៍ពណ៌ ដែលនាំឱ្យមានកំហុសដូចឆ្នាំ១៩៧០ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នា២០២៣កន្លងទៅនេះ បានប្រកាសសាលក្រមលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា បន្ទាប់ពីបានបើកសវនាការរហូតដល់ទៅ៦៦លើក។
សាលក្រមបានផ្តន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា ក៏ត្រូវបានផ្តន្ទាទោសនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បន្ថែមពីលើនេះ លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
សាលក្រមផ្តន្ទាទោសលើលោក កឹម សុខា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
លោក ពង្ស ភារៈ និស្សិតឆ្នាំទី៤ផ្នែកច្បាប់ បានយល់ឃើញថា សាលក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញពីការពង្រឹងនីតិរដ្ឋនៅកម្ពុជា និងជាការពង្រឹងនូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។
យុវជន ពង្ស ភារៈ បានលើកឡើងថា ក្នុងនាមជាប្រតិប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ មិនមានអ្វីដែលប្រសើរជាងការតតាំងក្តីតាមផ្លូវតុលាការនោះទេ។ យុវជនរូបនេះ បានលើកបង្ហាញពីអតីតកាលរបស់កម្ពុជា ជនដែលត្រូវបានចោទថាក្បត់ជាតិ មិនត្រូវបានទុកឱកាសឱ្យតស៊ូមតិបែបនេះឡើយ គឺនឹងត្រូវគេយកទៅប្រហារជីវិតភ្លាម។
យុវជន ពង្ស ភារៈ បានលើកឡើងដូច្នេះ «តាមរយៈសវនាការរហូតដល់៦៦លើកនេះ គឺជាការផ្តល់ឱកាសធំធេងណាស់ សម្រាប់លោក កឹម សុខា និងមេធាវី ដើម្បីការពារខ្លួនតាមផ្លូវតុលាការ។ ដោយឡែកពីអតីតកាលរបស់កម្ពុជាយើង ជនដែលគេចោទថាក្បត់ជាតិ ពុំទទួលបានឱកាសតស៊ូមតិបែបនេះទេ គឺត្រូវយកទៅសម្លាប់ចោលតែម្តង។ ករណីលោក កឹម សុខា គឺជាផ្តល់ឱកាសធំធេងណាស់ សម្រាប់កម្ពុជាយើង ដែលកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវនីតិរដ្ឋ»។
យុវតី លី ស៊ីវហួរ ក៏បានគាំទ្រលើសាលក្រមរបស់តុលាការផងដែរ។ គាំទ្រព្រោះថា មុនការសម្រេចផ្តន្ទាទោស គឺតុលាការ បានផ្តល់ឱកាសឱ្យលោក កឹម សុខា និងមេធាវី តស៊ូក្តី និងបង្ហាញភស្តុតាងដោះបន្ទុក។ តែតាមរយៈវីដេអូ ដែលលោក កឹម សុខា ថ្លែងចេញពីប្រទេសអូស្ត្រាលី ជាភស្តុតាងរឹងមាំបញ្ជាក់ពីទង្វើក្បត់ជាតិ ដែលច្បាប់មិនអាចលើកលែងបាននោះឡើយ។
យុវតី លី ស៊ីវហួរ បានគូសបញ្ជាក់បែបនេះ «សម្រាប់ខ្ញុំ តុលាការធ្វើបែបនេះ គឺត្រឹមត្រូវ។ ហេតុអ្វីខ្ញុំហ៊ានអះអាងបែបនេះ? មុននឹងតុលាការធ្វើសេចក្តីសម្រេចមុននឹងដាក់ទោសទៅលើជនណាម្នាក់ គឺតែងតែធ្វើការស៊ើបអង្កេត ហើយតែងផ្តល់ឱកាសឱ្យជននោះតតាំង។ សម្រាត់ការតតាំងផ្លូវច្បាប់លើរឿងក្តីលោក កឹម សុខា ធ្វើឡើងរហូតដល់ទៅ ៦៦លើក ដោយមានការចូលរួមពីមេធាវីផងដែរ។ ហេតុអ្វីបានជាតុលាការ សម្រេចចិត្តផ្តន្ទាទោសតាមច្បាប់ ដោយសារតែភស្តុតាងមានជាក់ស្តែងតែម្តង តាមរយៈវីដេអូ លោក កឹម សុខា បានរៀបរាប់ពីផែនការ និងយុទ្ធសាស្ត្រដោយមានការចូលរួមពីបរទេស»។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា បុគ្គលគ្រប់រូបត្រូវទទួលទោសដូចគ្នា និងស្មោះគ្នានៅចំពោះមុខច្បាប់។ សម្រាប់លោក កឹម សុខា បើទោះបីត្រូវបានតុលាការផ្តន្ទាទោសចំពោះបទល្មើសដ៏ធ្ងន់ធ្ងរយ៉ាងណាក្តី តែមិនត្រូវបានយកទៅដាក់នៅពន្ធនាគារនោះឡើយ។ លោកត្រូវបានអនុញ្ញាតឱ្យនៅក្នុងផ្ទះ ជួបជុំក្រុមគ្រួសារ ដោយគ្រាន់តែកាត់សិទ្ធិសេរីភាព នៃការដើរហើរតែប៉ុណ្ណោះ។
សម្រាប់យុវជន ពង្ស ភារៈ បានចាត់ទុកសាលក្រមនេះ គឺជាការយោគយល់ និងអនុគ្រោះដ៏ធំធេងសម្រាប់ លោក កឹម សុខា។
យុវជន ភារៈ បានគូសបញ្ជាក់បែបនេះ «ខ្ញុំយល់ឃើញថា អំណាចសាលក្រមរបស់ តុលាការនេះ គឺជាការអនុគ្រោះដ៏ធំធេងសម្រាប់លោក កឹម សុខា។ ធម្មតាការ អនុវត្តន៍ច្បាប់ត្រូវតែស្មើគ្នា ត្រូវតែជាប់គុកទាំងអស់គ្នា តាមអំណាចសាលក្រម។ ដោយឡែកលោក កឹម សុខា គឺជាការអនុគ្រោះមួយដ៏ធំ ដែលគ្រាន់តែបិទសិទ្ធិមួយចំនួនដូចជាសិទ្ធិដើរហើរ និងសិទ្ធិនយោបាយ។ តែគាត់អាចមានទំនាក់ទំនងធម្មតានៅក្នុងផ្ទះរបស់គាត់»។
លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសដោយយោងតាមរយៈវីដេអូឃ្លីបមួយ ដែលលោកបានថ្លែងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៤។ ក្នុងវីដេអូនេះ លោកបានបង្ហាញផែនការសកម្មភាពមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដែលលោកបានរៀបចំតាំងពីឆ្នាំ១៩៩៣ មានការជួយរៀបចំពីបរទេស ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ីជាដើម។
ក្នុងវីដេអូនោះ លោក កឹម សុខា បានថ្លែងដូច្នេះ «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់តំណាងរាស្ត្រដំបូង អាមេរិកកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ ក្នុងនាមជាអ្នកនយោបាយខ្មែរនៅក្នុងប្រទេស ដើម្បីឱ្យយល់ពីដំណើរការប្រជាធិបតេយ្យ។ គេជួយមួយឆ្នាំខ្ញុំទៅម្ដង តាំង១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឱ្យប្រទេសកម្ពុជា មានការផ្លាស់ប្ដូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយគន្លាក់សិន មួយដំណាក់សិន ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះហៅថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្ដូរអ្នកដឹកនាំ យើងមិនអាចទៅដល់ខាងលើបានទេ ប្តូររខាងលើបានទេមុននឹងប្ដូរខាងលើបានទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូដែលតាមនៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ ម៉ឹឡសូវិច បាននោះ ម៉ីឡសូវិចរថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែ គេបូរបានដោយសារគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ។ តែអត់មាននរណាដឹងទេ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះ យើងឈានដល់មួយដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឱ្យដឹង ហើយនៅបន្តទៀតដោយជោគជ័យយើងទទួលបាន។ ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យ ប្រូហ្វេស័រ នៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតុនឌីស៊ី នៅទីក្រុងម៉ុនរេអាល ប្រទេសកាណាដា ដែលជាអាមេរិកាំងគេជួលមក ដើម្បីការផ្តល់មតិឱ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនបានជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ?»។
កម្ពុជាធ្លាប់មានគំរូនៃការធ្វើបដិវត្តន៍បែបនេះម្តងមកហើយ តាមរយៈរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារនោះ បានធ្វើឱ្យកម្ពុជារអិលជើងធ្លាក់ទៅក្នុងភ្លើងសង្គ្រាមអស់រយៈពេលជិត ៣ទសវត្សរ៍។ ពលរដ្ឋខ្មែររាប់លានត្រូវស្លាប់ រងរបួសពិការ និរាសព្រាត់ប្រាស់ ប្រទេសជាតិជួបនូវអន្តរាយមិនអាចគណនា។
វិធានការច្បាប់លើលោក កឹម សុខា គឺជាចំណាត់ការមួយទាន់ពេលវេលាទប់ស្កាត់ មិនឱ្យកម្ពុជា ធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមដូចពីអតីតកាល។
យុវជន ពង្ស ភារៈ និងយុវតី លី ស៊ីវហួរ បានគាំទ្រពេញទំហឹងលើចំណាត់ការរបស់ អាជ្ញាធរមានសមត្ថកិច្ច។
យុវជន ពង្ស ភារៈ បានបញ្ជាក់ដូច្នេះ «គោលបំណងរបស់គាត់ ឬផែនការរបស់គាត់ ហ្នឹង បើសិនរាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចរបស់យើងចាត់វិធាន ការមិន ទាន់ពេលវេលាទេ ប្រទេសយើងអាចនឹងធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមដូចបណ្តាប្រទេ សរងការធ្វើបដិវត្តន៍ពណ៌ ក៏ដូចកម្ពុជាយើងកាលពីអតីតកាល។ នេះគឺជាការចាត់វិធានការមួយទាន់ពេលវេលា ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់ការអភិវឌ្ឍន៍ជាត់របស់យើង»។
យុវតី ស៊ីវហួរ បានបញ្ជាក់ដូច្នេះ «បើយើងក្រឡេកទៅអតីតកាលប្រទេសយើង ធ្លាប់មានការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល ហើយជះបញ្ហា និងផលអវិជ្ជមានជាច្រើនក្នុងសង្គមយើង។ ការចាត់វិធានការនេះ គឺជារឿងត្រឹមត្រូវហើយ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ជាពិសេសធានាដល់ការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន»។
ពាក់ព័ន្ធនឹងសាលក្រមផ្តន្ទាទោសលោក កឹម សុខា នេះ គេបានឃើញស្ថានទូត អាមេរិក ចេញមកសម្តែងប្រតិកម្ម និងមិនគាំទ្រលើសាលក្រមនេះ។ សេចក្តីថ្លែងការណ៍របស់អាមេរិក ត្រូវបានគេមើលឃើញថា កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋឯករាជ្យ និងអធិបតេយ្យ។ ជាពិសេសបានបំពានទៅលើតួនាទីភារកិច្ចរបស់ខ្លួន ដែលមានចែងក្នុងអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។ មាត្រា៤១ នៃអនុសញ្ញាក្រុងវីយ៉ែន ស្តីពីទីនាក់ទំនងការទូត បានតម្រូវឱ្យអ្នកការទូតនៃរដ្ឋអធិបតេយ្យទាំងអស់ ត្រូវគោរពច្បាប់ និងបទបញ្ញត្តិទាំងឡាយរបស់រដ្ឋម្ចាស់ផ្ទះ មិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះជាដាច់ខាត។ មាត្រានេះ បានបញ្ជាក់ផងដែរថា និវេសនដ្ឋានរបស់ស្ថានបេសកកម្មមិនត្រូវប្រើប្រាស់តាមរបៀបណាមួយ ដែលមិនសមស្របតាមមុខងាររបស់ស្ថានបេសកកម្ម ដែលមានចែងក្នុងអនុសញ្ញាទីក្រុងវីយ៉ែន ឬក៏វិធានច្បាប់អន្តរជាតិទូទៅផ្សេងទៀត ឬដោយកិច្ចព្រមព្រៀងពិសេសណាមួយជាធរមានរវាងរដ្ឋរបស់ទូត និងរដ្ឋម្ចាស់ផ្ទះ។
ឆ្លើយតបទៅនឹងប្រតិកម្ម និងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក យ៉ាន វុទ្ធា បានចោទសួរថា ហេតុអ្វីបានជាទូតអាមេរិក ក្នុងនាមប្រទេសប្រជាធិបតេយ្យ បែរជាមិនគាំទ្រចំពោះដំណើរការច្បាប់ទៅវិញ? ឬចង់គាំទ្រទង្វើបដិវត្តន៍ពណ៌ ដែលខ្លួនធ្លាប់ធ្វើកាលពីអតីតកាល។
លោក យ៉ាន វុទ្ធា បានអំពាវនាវសហរដ្ឋអាមេរិក កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា កុំគាំទ្រការធ្វើបដិវត្តន៍ពណ៌ ដែលនឹងនាំអាមេរិកមានកំហុសជាថ្មីសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
លោក យ៉ាន វុទ្ធា បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ចៀសវាងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា។ ជាពិសេសកុំសាងកំហុសដែលខ្លួនធ្លាប់បានធ្វើកាលពីអតីតកាល។ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញចលនាបដិវត្តន៍ពណ៌នៅកម្ពុជាទេ ដោយសារតែសព្វថ្ងៃយើងរស់នៅបានសុខសាន្ត មានសន្តិភាពពេញលេញទៅហើយ មានការអភិវឌ្ឍន៍ លំហរប្រជាធិបតេយ្យក៏បើកសេរី។ ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក មិនព្យាយាមបង្កើតកំហុសជាថ្មីមកលើកម្ពុជាទៀតទេ»៕