(ភ្នំពេញ)៖ ភាគីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ាឡេស្ទីន មានការជឿជាក់ថា គ.ជ.ប ទាំងពីរនឹងមានកិច្ចសហការ ការចែករំលែក ការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តល្អៗ ជាបន្តបន្ទាប់ទៀត តាមរយៈកិច្ចសម្របសម្រួលពីទីភ្នាក់ងារ JICA។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីជំនួបពិភាក្សារវាងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប កម្ពុជា និងប្រតិភូ គ.ជ.ប ប៉ាឡេស្ទីន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ជំនួបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ភាគី គ.ជ.ប កម្ពុជា តំណាងដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ប្រតិភូ គ.ជ.ប ប៉ាឡេស្ទីន ដឹកនាំដោយលោក អាស្រាហ្វ ស៊ូអាប៊ី (Ashraf SHUAIBI) អគ្គលេខាធិការរង គ.ជ.ប ប៉ាឡេស្ទីន ក្រោមកិច្ចសម្របសម្រួលពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការងាររៀបចំការបោះឆ្នោត។

បន្ទាប់ពីភាគីទាំងពីរបានមានមតិស្វាគមន៍ចំពោះគ្នារួចមក, លោក ទេព នីថា បានជម្រាបជូនប្រតិភូប៉ាឡេស្ទីន អំពីប្រវត្តិនៃការបោះឆ្នោតនៅប្រទេសកម្ពុជា។

លោកអគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា នៅឆ្នាំ១៩៩៣ កម្ពុជាមានការបោះឆ្នោតសភាធម្មនុញ្ញ ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ហើយចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការគាំទ្រពីអង្គការអន្តរជាតិ និងប្រទេសផ្ដល់ជំនួយដូចជា៖ សហភាពអឺរ៉ុប និងទីភ្នាក់ងារ JICA ជាដើម ក្នុងនោះ រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

លោក ទេព នីថា បានគូសបញ្ជាក់ជូនថា ចាប់តាំងពីឆ្នាំ២០១៥ មក កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើការបោះឆ្នោតរបស់ខ្លួន ដោយបានដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងរដ្ឋធម្មនុញ្ញ។ សមាជិក គ.ជ.ប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។

លោកបានបន្តថា គ.ជ.ប បានធ្វើកំណែទម្រង់លើការចុះឈ្មោះបោះឆ្នោត ដោយប្ដូរពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ។ លោកបានជម្រាបបន្ថែមថា ក្រៅពីនោះ គ.ជ.ប បានអភិវឌ្ឍការរៀបចំការបោះឆ្នោតឱ្យកាន់តែមានភាពងាយស្រួល និងមានទំនើបកម្ម តាមរយៈការដាក់ឱ្យប្រើប្រាស់៖

*កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
*កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)
*កម្មវិធីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត
*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផលនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត
*កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។

អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាកំពុងរៀបចំការបោះឆ្នោតចំនួន ២ នោះគឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងការបោះឆ្នោតក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក ដែលទើបបំបែក និងបង្កើតថ្មី។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍របស់លោកអគ្គលេខាធិការ គ.ជ.ប កម្ពុជា យ៉ាងយកចិត្តទុកដាក់រួចមក ប្រតិភូ គ.ជ.ប ប៉ាឡេស្ទីន បានវាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនដល់ទៅជាង ៨០ភាគរយ។ ប្រតិភូប៉ាឡេស្ទីន ក៏បានសង្កេតឃើញ និងកោតសរសើរចំពោះវគ្គអប់រំអ្នកបោះឆ្នោតបន្តដែល គ.ជ.ប កម្ពុជា សហការជាមួយ JICA បាននិងកំពុងរៀបចំនៅតាមគ្រឹះស្ថានសិក្សានានា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជូនដល់យុវជន៕