(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបជាង ៣០ម៉ឺនដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា ក្រោមគ្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬហៅកាត់ជាភាសាជប៉ុនថា ជំនួយឥតសំណងគូសាណូណ៌។

កិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

គម្រោងទាំង៣នេះរួមមាន៖

ទី១៖ ថវិកាចំនួន ១២០,៧៦៨ដុល្លារ ត្រូវផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។

ទី២៖ ថវិកា ៩១,០១០ដុល្លារ ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វ ចំនួន១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យចំនួន១ខ្នង មាន៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន៧នាក់ ។

និងទី៣៖ ថវិកាជាង៨៩,០០១ពាន់ដុល្លារ សម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនា១១ប្រភេទ នៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។ គម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលត្រូវការឧបករណ៍សិប្បនិម្មិត រណប ឬសវាស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលនេះចំនួន៩០០នាក់ ក្នុងមួយឆ្នាំ។

នាឱកាសនោះដែរ ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា៖ «មានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា យើងក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ដូច្នេះ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណផងដែរ»។

ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានគោលបំណងការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ព្រមទាំងជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៦៦លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន៧០២ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕