(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាពរបស់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន និង  បានជួបសំណេះសំណាល និងសួរសុខទុក្ខ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតចំនួន ១៦០នាក់ ដែលអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែកក្កដា ឆ្នាំ២០១៦  នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦  ។

ក្នុងឱកាសជួបសួរសុខទុក្ខ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីលោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុន សែន  ជូនចំពោះលោកយាយ លោកតា និងពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ទាំងអស់ ។

លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ សូមផ្តាំផ្ញើដល់លោកយាយ លោកតាទាំងអស់ សូមប្រុងប្រយ័ត្នជាប្រចាំក្នុងការថែរទាំសុខភាព ដោយទទួលទានចំណីអាហារ មានអនាម័យល្អ បរិភោគទឹកឆ្អិន ដើម្បីសុខភាពរឹងមាំគ្រប់ពេល ផងដែរ ។

សូមបញ្ជាក់ថា មកដល់ពេលនេះលោកយាយលោកតា ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ មានចំនួន១៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល (មួយសែនរៀលគត់) ។

មូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់នេះ គឺមានការផ្តួចផ្តើមធ្វើឡើងពីសំណាក់លោក អ៊ី ឈាន និងលោកស្រីបាន ស្រីមុំ ចាប់តាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ពេលនេះ មានរយៈពេល ជាង៥ឆ្នាំមកហើយ ដោយរៀងរាល់ខែក្នុងថ្ងៃទី៣ នៃខែនិមួយៗ លោកជំទាវ បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភដល់លោកឪពុក អ្នកម្តាយដែលមានវ័យចាស់ជរា ហើយមានជីវភាពខ្វះខាត ជាប់ជាប្រចាំ ។

មូលនិធិនេះគឺជាផ្នែកមួយក្នុងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដែលលោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ បានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការជួយដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត ដែលជាជនងាយរងគ្រោះ ជនរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ដើម្បីរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ លំដាប់ថ្នាក់នៅមូលដ្ឋាន ក្នុងការគិតគូរ ដោះស្រាយ រាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសលោកយាយ លោកតាចាស់ជរាគ្មានទីពឹង ដែលពុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបានដោយ ខ្លួនឯង៕