(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានឱ្យដឹងថា ការពង្រឹងលើការប្រមូលពន្ធដារ គឺដើម្បីឱ្យមានសមធម៌នៅក្នុងសង្គម ដែលរដ្ឋបានផ្តល់ទៅដល់សង្គមវិញ ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧបត្ថម្ភសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រជាដើម។
ការលើកឡើងរបស់ លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមូលចំណូលពន្ធដារនេះ គឺដើម្បីឱ្យសមធម៌នៅក្នុងសង្គម រដ្ឋយកពន្ធបានមក គឺមិនយកទៅចាយអី ក្រៅតែពីយកមកវិនិយោគ ឱ្យប្រជាពលរដ្ឋវិញនោះទេ ប្រជាពលរដ្ឋទេដែលជាអ្នកបានផលទៅវិញ តាមរយៈអភិវឌ្ឍប្រទេសជាតិ ទៅវិញដូចជាវិស័យហេដ្ឋរចនាសម្ព័ន្ធ វិស័យអប់រំ វិស័យសង្គមកិច្ច។ សួរថា ក្រ១ ក្រ២ ដែលយកមកចិញ្ចឹមប្រជាពលរដ្ឋនេះ បានលុយពីណាមក រដ្ឋមិនបានទៅបោះពុម្ភលុយទេណា គឺបានប្រមូលចំណូលពីអ្នកបង់ពន្ធ យកទៅជួយប្រជាពលរដ្ឋ។សួរថា សេវាសាធារណៈរដ្ឋ បានលុយពីណាយកទៅបើកឱ្យមន្រ្តីរាជការស៊ីវិល គឺបានពីពន្ធដារ»។
លោកបានបង្ហាញអារម្មណ៍រីករាយ ដែលបច្ចុប្បន្ននេះ ចំនួនអ្នកអនុលោមភាពបានកើនឡើងជាលំដាប់ ខណៈពេលអគ្គនាយកដ្ឋានពន្ធដារ បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ។
លោកបានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការប្រមូលពន្ធ ដោយមិនទុកឱ្យអ្នកដែលគេចពន្ធ ប្រកបអាជីវកម្មបានដោយស្រួល និងបន្តគេចវេសពន្ធទៀតនោះទេ។
ទន្ទឹមនឹងការពង្រឹងលើការប្រមូលពន្ធដារនេះ លោកក៏នឹងបន្តលុបបំបាត់អំពើរលួយ ក្នុងវិស័យពន្ធដារផងដែរ ដើម្បីពង្រឹងនូវអភិបាលកិច្ចល្អ និងផ្តល់នូវតម្លាភាពនៃការបង់ពន្ធ ទៅដល់គ្រប់អ្នកជាប់ពន្ធទាំងអស់ ដោយមិនឱ្យមន្រ្តីពន្ធដារណាម្នាក់ រួមគំនិតជាមួយអ្នកជាប់ពន្ធ ដើម្បីគេចវេសពន្ធនោះទេ។
លោកបញ្ជាក់ថា ប្រសិនបើមានមន្រ្តីពន្ធដារណាម្នាក់ គំរាមកំហែងដើម្បីយកលុយក្រោមតុ សូមរាយការណ៍មកកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីអគ្គនាយកដ្ឋានពន្ធដារ វិធានការមន្រ្តីទាំងនោះ។
លោកបន្តថា «មន្រ្តីពន្ធដារណាដែលធ្វើកគេ ដែលធ្វើបាបគេ ផ្តល់សេវាមិនល្អ សូមប្រាប់មក នេះជាការឆ្លុះបញ្ចាំង នូវអភិក្រមរបស់ថ្នាក់ដឹកនាំ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ នេះជាការងារមួយដែលខ្ញុំសូមអំពាវនាវ និងទទូចថាសុំធ្វើឱ្យត្រឹមត្រូវទាំងអស់គ្នា»៕