(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់សាធារណជនទាំងអស់ នាំកូន-ចៅ មកចូលរួមពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន លើកទី៨ ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ សូមឲ្យសាធារណជនទាំងអស់ នាំកូន-ចៅ មកចូលរួមនៅក្នុងពិព័រណ៍សៀវភៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣»

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការបណ្ដុះកូន-ចៅពីតូច ឲ្យចូលរួមក្នុងពិព័រណ៍សៀវភៅ និងនាំកូន-ចៅ ទៅបណ្ណាល័យ នៅពីតូចក្ដី និងនៅពេលជំទង់ក្ដី នឹងធ្វើឲ្យកូន-ចៅ មានការចាប់អារម្មណ៍ និងលើកទឹកចិត្ត ដល់ការអាន។ លោករដ្ឋមន្ដ្រីថា «អានកាន់តែច្រើន ចេះកាន់តែច្រើន»

ទិវាជាតិអំណាន គឺធ្វើឡើងក្នុងគោលបំណង បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស-និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា។

ក្នុងទិវាជាតិអំណាននេះ ក្រសួងនឹងប្រកាសលទ្ធផលជ័យលាភី ផ្នែកអានអត្ថបទស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» និងលទ្ធផលជ័យលាភី ផ្នែកបកស្រាយអក្សរសិល្ប៍ រួមនឹងការធ្វើបាឋកថា ស្រាវជ្រាវ ស្តីពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទ នៃការអប់រំក្នុងសតវត្សទី២១» ដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

លើសពីនោះទៀត ព្រមទាំងមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ស្តីពី «សារៈសំខាន់របស់អំណានក្នុងការសិក្សា» ដោយព្រះមុនីកោសល្យ បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន នរវិទូពានរង្វាន់ឆ្នើម ហ៊ូតូអូកា នៃប្រទេសជប៉ុន។

សូមបញ្ជាក់ថា ក្រសួងអប់រំ នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះ ទៅបរិវត្តកម្មវិស័យអប់រំ» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ នាទីល្ងាច ព្រមទាំងមានការតាំងពិព័រណ៍សៀវភៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក្រសួងអប់រំ នឹងរៀបចំ​ប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៤ និងឆ្នាំខាងមុខ ឲ្យបានអធិកអធម និងផុសផុល ទូលំទូលាយ នៅទូទាំង២៥រាជធានី-ខេត្ដ ដោយមានយុទ្ធនាការចែកផ្សាយខិតបណ្ណ ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធនានា ពីកម្មវិធីច្រើនដូចជា៖

* ការពិព័រណ៍ ការប្រឡងប្រណាំង និងកម្មវិធីថ្ងៃប្រារព្ធពិធីជាដើម ដើម្បីជំរុញឲ្យគ្រប់ក្រសួង ស្ថាប័នសាធារណៈ សហគ្រាសឯកជន និងប្រជាពលរដ្ឋទូទាំងប្រទេសចាប់អារម្មណ៍ ចូលរួមជំរុញការអាន បង្កើនទម្លាក់អានជាប្រចាំ និងប្រែក្លាយសកម្មភាពអំណាននេះ ឲ្យជាចលនាជាតិទាំងមូល ព្រមទាំងបន្ដពង្រីកវិសាលភាព ក្នុងការប្រារព្ធទិវានេះនៅឆ្នាំបន្ដបន្ទាប់ទៀត៕