(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគ និងសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរ ចូលជួបសម្តែងការគួរសម និងជម្រាបពីវឌ្ឍនភាពនៃការសាងសង់។
ជំនួបបានធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ។
តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំងមូលសម្រេចបាន ៦៣ភាគរយ ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០ភាគរយ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។
ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេចឱ្យការងារសាងសង់នេះឱ្យបាន៩០ភាគរយ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣៕