(ភ្នំពេញ)៖ យុវជនដែលធ្លាប់តាមគន្លងគណបក្សប្រឆាំង បានបង្ហាញនូវការសោកស្ដាយចំពោះអ្វីដែលខ្លួនធ្លាប់គិតខុសលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយបានបែរពីការគិតអវិជ្ជមានមកលើរាជរដ្ឋាភិបាល មកជាការចូលរួមជាមួយរាជរដ្ឋាភិបាលវិញតាមជំនាញដែលខ្លួនមាន ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ ប្រសើរជាងការរកវិធីដើម្បីតែប្រឆាំងបង្អាប់ប្រទេសជាតិខ្លួន។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមយុវជនទាំងអស់នោះ ក៏បានអំពាវនាវដល់អ្នកដទៃផ្សេងទៀត ពិសេសយុវជនដូចគ្នា ដែលកំពុងតែជឿតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលដូចពួកគេ តាមចំណេះ និងជំនាញដែលខ្លួនមាន ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។

យុវជន ហេង សំណាង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ និងពួកគាត់ គឺជាអតីត NGO (អង្គការក្រៅរដ្ឋាភិបាល) ធ្លាប់ធ្វើកិច្ចការងារប្រឆាំងរាជរដ្ឋាភិបាល ប៉ុន្ដែថ្ងៃនេះពួកយើងបានចូលរួមចំណែកគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ បានផ្ដល់ឱកាសសម្រាប់យុវជនដែលធ្លាប់មាននិន្នការប្រឆាំងឲ្យចូលរួម យកចំណេះ ជំនាញ វិជ្ជាជីវៈដែលខ្លួនមានចូលរួមអភិវឌ្ឍន៍ជាតិតាមផ្នែកនីមួយៗ ប្រសើរជាងរកវិធីសាស្ដ្រប្រឆាំងដើម្បីបង្អាប់ប្រទេសជាតិខ្លួនឯង»

ដោយឡែក សម្រាប់យុវជន ម៉េង ហេង ជាប្រធានអង្គការមាតាធម្មជាតិ បានថ្លែងដែរថា កន្លងមកថ្មីៗនេះ ខ្លួនបានប្រកាសជំហរចូលរួមជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាល។ លោកថា កន្លងមកធ្លាប់តែប្រឆាំងលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមជាមួយអំពើផ្ទុយនឹងច្បាប់ និងបានបង្ហាញពីការសោកស្ដាយចំពោះអ្វីដែលខ្លួនបានធ្លាប់ប្រព្រឹត្តទៅមុន។

ប្រធានអង្គការមាតាធម្មជាតិ រូបនេះបានអះអាងទៀតថា បច្ចុប្បន្នខ្លួនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល លើការងារបរិស្ថាន ដើម្បីបន្ដគោលជំហរ និងឧត្តមគតិក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។

យុវជនម្នាក់ទៀត ដែលជាសមាជិកអង្គការមាតាធម្មជាតិ ឈ្មោះ គឹម រី ដែលកន្លងទៅធ្លាប់ធ្វើសកម្មភាពខុសឆ្គង ក៏បានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយក៏បានសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលដូចគ្នាផងដែរ។ យុវជនរូបនេះ មើលឃើញទៀតថា ការចូលរួមដើម្បីបុព្វហេតុជាតិ ជាមួយរាជរដ្ឋាភិបាល ជាផ្នែកមួយសំខាន់ដើម្បីអភិវឌ្ឍន៍ជាតិ និងប្រជាជន និងធនធានធម្មជាតិ៕