(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី ធ្វើដំណើរទៅកាន់ភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ដើម្បីធ្វើការប្រគល់ស្រះទឹកមួយ ជូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារ សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងជីវភាពប្រចាំថ្ងៃ។
ស្រះនេះលោកឧត្តមសេនីយ៍ស្នងការ បានជួយស្តារជីកពង្រីងបន្ថែមតាំងពីចុងខែមេសា ឆ្នាំ២០១៦ មកម៉្លេះ ព្រមទាំងធ្វើរបង បាំងលួសសំណាញ់ព័ទ្ធជុំវិញ ការពារកុំឲ្យសត្វពាហនៈ ឬមាន់ទាចូលទៀតផង ដែលបានចំណាយអស់ជាង២០០០ដុល្លារ។ ឆ្លើយប្រាប់ទៅកាន់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន លោកស្នងការបានបញ្ជាក់ថា «សោហ៊ុយក្នុងការចំណាយ គឺជាថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ»។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះដែរ លោកស្នងការ និងសហការីបាននាំយកនុំប៉័ង និងសម្ភារសិក្សាមួយចំនួន ទៅចែកជូនសិស្សា នុសិស្ស ជាច្រើននាក់នៅទីនោះផងដែរ។
ក្រៅពីការមមាញឹកលើការពង្រឹងបញ្ហាសន្តិសុខ និងបង្ក្រាបបទល្មើសតាមមូលដ្ឋាន ស្នងការនគរបាលខេត្តព្រះសីហនុ តែងតែឆ្លៀតពេលចុះមកជួយប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមទីជនបទ ដើម្បីចូលរួមបង្កើនជីវភាពរបស់ពួកគេកាន់តែ ប្រសើរខ្លាំងឡើង៕