(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើឲ្យសេវាករ អ្នកផ្គត់ផ្គងអគ្គិសនីទូទាំងខេត្ត ពង្រីក និងតបណ្តាញអគ្គិសនី ជូនពលរដ្ឋអោយបានគ្រប់ខ្នងផ្ទះ។
ការស្នើបែបនេះខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន បានអញ្ជើញជួបសំណេះសំណាល ជាមួយសេវាករអ្នកផ្គត់ផ្គង់អគ្គិសនី ដែលទទួលអាជ្ញាប័ណ្ណទូទាំងខេត្តកំពត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលា ខេត្តកំពត ដោយចូលរួមពីសំណាក់បណ្ដាជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។
ការប្រជុំនេះ ក្នុងគោលបំណងរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងនិងបញ្ហាភ្លើងប្រើប្រាស់ របស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបញ្ហាប្រឈម របស់សេវាករអគ្គិសនីកន្លងមក។
លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកវិស័យចំនួន៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង។ វិស័យភ្លើងអគ្គិសនី គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាននាពេលបច្ចុប្បន្ន ដូច្នេះសេវាករដែលផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រីកបណ្តាញ និងតបណ្តាញជូនពលរដ្ឋអោយបានគ្រប់ភូមិ និងគ្រប់ខ្នងផ្ទះរបស់ពលរដ្ឋ ទៅតាមតម្រូវការចង់បានរបស់ពលរដ្ឋ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំដែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការផ្គត់ផ្គង់ និងការផ្តល់សេវាអគ្គិសនី របស់សេវាករទាំងអស់នៅទូទាំងខេត្ត បានល្អនាពេលកន្លងមក។ លោកអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់សេវាករទាំងអស់ បន្តធ្វើកិច្ចការងារដែលនៅសេសសស់ ពិសេសលើសំណើរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់អគ្គិសនីនៅតាមមូលដ្ឋានជាចាំបាច់៕