(បាកដាដ)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយខ្នងការបំផ្ទុះគ្រាប់បែក អត្តឃាត ទៅលើទីផ្សារដ៏មមាញឹកមួយ ក្នុងរដ្ឋធានីបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្ស ១២៦នាក់ស្លាប់ និងជាង ១៨០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។

ការបំផ្ទុះអត្តឃាត ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ នៅសង្កាត់ Karrada ដែលក្នុងចំណោមមនុស្សស្លាប់ទាំង ១២៦នាក់នោះ ក៏មានកុមារ ២៥នាក់ និងស្ត្រី ២០នាក់ផងដែរ។ គួរបញ្ជាក់ថា ក្រុមគ្រួសារម៉ូស្លីម ជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញ ទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ៕