(ព្រះសីហនុ)៖ ក្រុមអូរបរ័ល្បឿនលឿនរបស់ឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានជួយសង្គ្រោះជនរងគ្រោះចំនួន១០នាក់ ដែលជួបហេតុការណ៍ ជាប់នៅលើទូកកន្ទុយវែងមួយគ្រឿង ដោយសារទូកបានខូចស្លាបចាក់ ហើយក៏រលកបោកទូកនៅកណ្ដាលសមុទ្រ មុខកោះថាស ខេត្តព្រះសីហនុ កាលពីម៉ោងជិត៧យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។
ឧកញ៉ា ទៀ វិចិត្រ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជនរងគ្រោះទាំង១០នាក់ បានជួលទូកកន្ទុយវែងមួយគ្រឿង ពីចំណុចឆ្នេរលំហែលកាយ វេលាម៉ោងជាង ១រសៀល ដើម្បីជិះចេញទៅលេង និងស្ទូចត្រីនៅម្តុំ កោះថាស នៅពេលវេលាម៉ោងជិត៥ល្ងាច រៀបចំចេញត្រលប់មកវិញ ក៏ទូកបានខូចស្លាបចាក់ ហើយក៏អណ្តែតលើផ្ទៃសមុទ្រជាង៣ម៉ោង ទើបជនរងគ្រោះស្នើសុំជំនួយពីលោកឧកញ៉ា ឲ្យមកជួយសង្គ្រោះ។
ក្រោយពេលបានទទួលដំណឹងនេះភ្លាម, ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចេញជួយសង្គ្រោះជនរងគ្រោះនៅលើទូកនោះ ដោយសុវត្ថិភាពទាំង១០នាក់ នៅវេលាម៉ោងជិត ៨យប់ថ្ងៃដដែល។
បច្ចុប្បន្នជនរងគ្រោះទាំង១០នាក់ បានដឹកមកដល់ផែរបស់ក្រុមហ៊ុន GTVC វិញដោយសុវត្ថិភាពហើយ និងបានរៀបចំរថយន្តរបស់ក្រុមហ៊ុនជូនទៅផ្ទះវិញផងដែរ៕