(ភ្នំពេញ)៖ ក្រោយប្រជាពលរដ្ឋនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យជាច្រើនគ្រួសារ ប្រតិកម្ម និងផ្ទុះការតវ៉ារឿងអត់ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិនោះ, នៅវេលាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ អភិបាលខណ្ឌពោធិ៍សែនជ័យលោក សក់ ច័ន្ទកញ្ញារិទ្ធិ រួមជាមួយមន្រ្តី បានបើកធ្វើវេទិការសាធារណៈ និងបានដោះស្រាយបញ្ហាដែលបានកើតឡើងជូនប្រជាពលរដ្ឋហើយ។
ពិធីនោះមានការចូលរួមពីមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ ភូមិបាល និងសុរិយោដី, មន្រ្តីការិយាល័យជុំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋប្រមាណ១០០នាក់ ដែលបានទិញដីឡូត៍ពីក្រុមហ៊ុន «យាប សុវណ្ណា» ហើយពួកគាត់ទទួលបានតែលិខិតផ្ទេរសិទ្ធិ (ប្លង់ទន់) ដោយក្រុមហ៊ុន ពុំទាន់មិនទាន់បំបែកក្បាលដីជូននៅឡើយ។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានបើកឲ្យប្រជាពលរដ្ឋ បញ្ចេញមតិដើម្បីអស់ចម្ងល់ និងទុក្ខកង្វល់ដែលពួកគាត់មានហើយលាក់ទុកក្នុងចិត្ត ទើបប្រជាពលរដ្ឋបានសួរសំណួរជាច្រើនតាមការបើកឲ្យសួរ។ ប្រជាពលរដ្ឋបានសួរពាកព័ន្ធទៅនិងនីតិវិធី នៃការផ្ទេរសិទ្ធិអចលនវត្ថុ និងការបំបែកក្បាលដីដែលមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជាពិសេសសួរពីមូលហេតុដែលលោកអភិបាលខណ្ឌ មិនចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ឲ្យពួកគាត់លក់ដូរបានជាដើម។
លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានស្រាយបំភ្លឺជូនប្រជាពលរដ្ឋថា មូលហេតុ នៃការដែលលោកពុំព្រមចុះហត្ថលេខាជូននោះ គឺដោយសារតែលិខិតផ្ទេរសិទ្ធិនោះមានជាប់ប្លង់រឹង ពុំទាន់បំបែកក្បាលដីនៅឡើយ ដូច្នេះបើចុះហត្ថលេខា នឹងខុសគោលការណ៍ក្រសួងរៀបចំដែនដី។ លោកមិនចុះហត្ថលេខាទាំងអស់គ្រប់លិខិតផ្ទេរសិទ្ធិនោះទេ បើលិខិតផ្ទេរសិទ្ធិដែលមិនជាប់ពាក់ព័ន្ធប្លង់រឹង លោកចុះហត្ថលេខាជូនហើយ។
លោកអភិបាលខណ្ឌ បានពន្យល់អំពីនីតិវិធីនៃការបំបែកក្បាលដី ការចំណាយប្រាក់ទៅលើថ្លៃប័ណ្ណកម្មសិទ្ធិ និងការបង់ពន្ធប្រថាប់ត្រាពេលកាត់ឈ្មោះជាដើម។ លោកបានចាត់ឲ្យមន្រ្តីការិយាល័យដែនដី នគរូបនីយកម្ម សំណង់ភូមិបាល និងសុរិយោដីខណ្ឌ ចុះធ្វើការវាស់វែងបំបែកក្បាលដីជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី៦ ខែមីនានេះតទៅ ដើម្បីឆាប់បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋយកមកប្រើការ។
លោកបញ្ជាក់ថា ការចុះវាស់វែងមានរយៈពេលតែ ២សប្ដាហ៍ទេ លើសពីនេះ នឹងបើកចំហរចោលហើយ ចំណែកការកាត់ឈ្មោះប្រើរយៈពេលប្រមាណ២ខែទើបរួចរាល់ ហើយលោកនឹងជួយជំរុញបន្ថែមឲ្យកាន់តែលឿនថែមទៀត ព្រមទាំងប្រើនិតិវិធីធ្វើឲ្យលម្អិត ដើម្បីការពារមិនឲ្យមានបញ្ហានៅថ្ងៃក្រោយ។
នៅទីបញ្ចប់លោកអភិបាលខណ្ឌ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវផ្ទេរសិទ្ធិសូមអញ្ជើញកាន់ឯកសារចូលទៅកាន់ច្រកចេញចូលតែមួយដោយខ្លួនឯង កុំពឹងពាក់អ្នករត់ការឲ្យសោះដែលនាំឲ្យអស់ប្រាក់ច្រើន ហើយថែមទាំងមានការយឺតយ៉ាវទៀតផង៕